សម្ដេច​តេ​ជោ ចង់​ប៉ាវ​បាយ​កីឡាករ​គ្រប់​ប្រភេទ​ទាំងអស់ នៅមុន​ចូលឆ្នាំ​ខ្មែរ ថ្ងៃ​០៤ មេសា

08-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​០៨ ខែមីនា​នេះ បាន​ថ្លែង​បញ្ជាក់ថា សម្ដេច​ចង់​ឲ្យ​រដ្ឋមន្ត្រី​ពីររូប​គឺ​រដ្ឋមន្ត្រីក្រសួង​អប់រំ និង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​កាន់កាប់​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រៀបចំ​នូវ​ការជួប​ជុំគ្នា​មួយ រវាង​សម្ដេច និង​កីឡាករ​គ្រប់​ប្រភេទ​កីឡា នៅមុន​ចូលឆ្នាំ​ខ្មែរ ហើយ​សម្ដេច​តេ​ជោ ជា​អ្នកទទួលខុសត្រូវ​ការ​ចំណាយ លើ​អាហារ សម្រាប់​បរិភោគ​មួយពេល នៃ​ការជួប​ជុំគ្នា​នោះ​។​
​ការ​ថ្លែង​បែបនេះ​របស់​សម្ដេច​តេ​ជោ ធ្វើឡើង​នៅក្នុង​ឱកាស ដែល​សម្ដេច​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​កីឡា​ការ​ជ័យលាភី នៃ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៨ នៅ​ប្រទេស​សង្ហ​បុរី និង​ក្រុមកីឡា​បាល់ទាត់ Cambodia All Stars ដែល​រៀបចំឡើង​នៅ​វិមាន​សន្ដិភាព​។​

​សម្ដេច​បាន​ថ្លែង​បន្តទៀតថា កម្មវិធី​នោះ​សម្ដេច​ចង់​រៀបចំ​នៅពេល​ល្ងាច​នា​កោះ​ពេជ្រ នៅ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់ពី​សម្ដេច​ចូលរួម​ជា​អធិបតី​សម្ពោធ​អគារ​រដ្ឋាភិបាល​សាលាក្រុង​ភ្នំពេញ នៅពេល​ព្រឹក​។​
​សម្ដេច​បាន​ថ្លែងថា «​ថ្ងៃ​០៤ មេសា​គឺ​សម្ពោធ​សាលាក្រុង​ភ្នំពេញ ហើយ​ខ្ញុំ​គិតថា យក​ល្ងាច​ថ្ងៃ​០៤ មេសា (​រៀបចំ​ពិធី​ឈប់​លៀង​ជាមួយ​កីឡាករ​) ដោយសារតែ​ថ្ងៃ​០៤ មេសា ជា​ថ្ងៃកំណើត​សិប្ប​និមិត្ត​របស់ខ្ញុំ ដែល​គេ​ជូនពរ ជា​រៀងរាល់ឆ្នាំ ហើយ​ចំ​ថ្ងៃ​ចន្ទ ដែល​អត់​មានការ​ប្រកួត​បាល់ ព្រោះ​ការប្រកួត​បាល់ មានតែ​ថ្ងៃ​សៅរ៍​-​អាទិត្យ​ប៉ុណ្ណោះ​»​។​
​សម្ដេច​តេ​ជោ​ហ៊ុន សែន ក៏បាន​បញ្ជាក់ទៀតថា នៅក្នុង​ពិធីជប់លៀង​ជូន​កីឡាករ​គ្រប់​ប្រភេទ ប្រមាណ​ជា ៥​ពាន់​នាក់ នៅមុន​ចូលឆ្នាំ​ខ្មែរ​នេះ នឹងមាន​ក្រុម​តន្ត្រី​ប្រគំ​ដើម្បី​ឲ្យ​កីឡាករ​-​កីឡាការិនី រាំច្រៀង​លេង​សប្បាយ​៕

ចំនួនអ្នកទស្សនា

    19576017

  • ថ្ងៃនេះ1591
  • ម្សិលមិញ4561
  • សប្តាហ៍នេះ19191
  • ខែនេះ12311
  • ឆ្នាំនេះ348571
  • សរុប19576017