ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការដាក់ស្លាកបម្រាមជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ដើម្បី ដាក់អនុវត្តនៅតាមហាង ភោជនីយដ្ឋាន ទីសាធារណៈនានា ដើម្បីកុំឲ្យប៉ះពាល់ដល់សុខមាលភាពប្រជាជន។
សេចក្ដីជូនដំណឹង ដែលប្រកាសកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នេះបានបញ្ជាក់ថា ដើម្បីការពារសុខមាលភាពរបស់ប្រជាជនពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ អ្នកគ្រប់គ្រង ឬម្ចាស់កន្លែងធ្វើការឬម្ចាស់កន្លែងសាធារណៈត្រូវបិទផ្សាយ និងដាក់ស្លាកបម្រាមហាមជក់បារីនៅកន្លែងដែលសាធារណជនឃើញច្បាស់ កន្លែងចេញចូល កន្លែងទទួលភ្ញៀវ និងបន្ទប់ទឹកជាដើម។ ចំពោះបុគ្គលណាដែលរំលោភបទបញ្ញត្តិនៃប្រកាសនេះ ត្រូវទទួលពិនិត្យតាមច្បាប់ ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ អនុក្រឹត្យស្រីពីវិធានការ ហាមឃាត់ការជក់ឬបង្ហុយថ្នាំជក់ នៅកន្លែងធ្វើការ ឬទីសាធារណៈ។ ចំណែកជនណា ដែលជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងហាមឃាត់ត្រូវពិន័យជាទឹកប្រាក់២ម៉ឺនរៀល៕