ភ្នំពេញ៖អតីតអ្នកប្រដាល់ជើងខ្លាំងកម្ពុជា លោក អេ ភូថង បានទទួលផ្ទះថ្មីមួយល្វែងជាអំណោយរបស់លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយកទូរទស្សន៍បាយ័ន កាលពីប៉ុន្មានថ្ងៃមុននេះ ហើយក៏រៀបចំពិធីឡើងផ្ទះតែម្តង។
អ្នកស្រី សុំាង សុម៉ាលី និងលោកអេ ភូថង បានបង្ហាញអារម្មណ៍អារម្មណ៍សប្បាយចិត្តរំភើបរកអ្វីប្រៀបផ្ទឹមពុំបាន ឡើយ ដោយសារតែអ្នកស្រី និងស្វាមីទទួលបានផ្ទះថ្មីដើម្បីរស់នៅសមរម្យដូចគេដូចឯង។ អ្នកស្រីនឹងតស៊ូ មិនលក់ផ្ទះនេះដូចមុនទៀតទេ បើទោះជាត្រូវប្រឈមនឹងភាពវេទនាយ៉ាងណាក៏ដោយ។
បន្ទាប់ពី ទទួលបានផ្ទះថ្មីភ្លាម គ្រួសារ អេ ភូថង បានរៀបចំពិធីឡើងគេហដ្ឋានថ្មីតែម្តង។ ក្នុងពិធីនេះក៏មានប្រធានសហព័ន្ធកីឡាប្រដាល់ឯកឧត្តម តែម ម៉ឺន ខាងប៉ុស្តិ៍ទូរទស្សន៍ និងកីឡាករប្រដាល់មួយចំនួនដូចជា សេន ប៊ុនថេន, រឿម សោភ័ណ្ឌ, អុំ ចម្រើន, ពេជ្យ សុផាន់ ជាដើម។
អ្នកស្រីសុ ម៉ាលី និងលោកអេ ភូថង ធ្លាប់មានផ្ទះរស់នៅផ្ទាល់ខ្លួនដែរ ស្ថិតនៅបុរីសន្តិភាព២ ប៉ុន្តែដោយសារស្វាមីធ្លាក់ខ្លួនឈឺ និងបណ្ដាលមកពីអត់លុយចិញ្ចឹមក្លឹប ក្នុងពេលមិនទាន់បិទទើបចេះតែមានការខ្វះខាតប្រាក់កាក់ ហើយឈានដល់ការលក់ដើម្បីយកប្រាក់ទៅដោះស្រាយជីវភាព និងដើម្បីបានសងបំណុលគេ។ គ្រួសាររបស់អ្នកស្រីធ្លាក់ខ្លួនជួលផ្ទះគេនៅអស់រយៈយ៉ាងយូរ មុនពេលបានកន្លែងរស់នៅដែលខាងសហព័ន្ធប្រគល់ឲ្យនៅស្ដាតចាស់។
ផ្ទះដែលលោក អេ ភូថងទទួលបាននោះ គឺស្ថិតនៅបុរីសន្ដិភាព២ ចុះពីផ្លូវជាតិលេខ៣ហួសរង្វង់មូលចោមចៅ ចម្ងាយ៤គីឡូម៉ែត្រ ។ សព្វថៃ្ងនេះ អ្នកស្រី សុំាង សុម៉ាលី ជាគណៈចៅក្រមនៅសង្វៀនបាយ័ន ហើយលោក អេ ភូថងធ្វើជាគណចៅក្រម និងជាពិធីករនៅសង្វៀនTV5 ព្រមទាំងទទួលបង្ហាត់សិស្សនៅតាមក្លឹបផ្សេងៗជាប្រចាំ៕