តាមការសិក្សាថ្មីមួយបានរកឃើញថា ការញ៉ាំកាហ្វេត្រឹមតែ ៣ ពែងក្នុងមួយថ្ងៃ អាចធ្វើឲ្យសុដន់មនុស្សស្រីស្វិតបាន។ រឿងនេះស្តាប់មើលទៅ ពិតជាមិនគួរឲ្យជឿសោះ តែវាជាការពិត។ ការសិក្សានេះ គឺត្រូវបានធ្វើលើស្ត្រីប្រមាណ ៣០០ នាក់ និងតម្រូវឲ្យញ៉ាំកាហ្វេ ជាច្រើនពែងជារៀងរាល់ថ្ងៃ។
អ្នកស្រាវជ្រាវរកឃើញថា ត្រឹមតែកាហ្វេ ៣ ពែងប៉ុណ្ណោះក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់នឹងធ្វើឲ្យសុដន់មនុស្សស្រី ចាប់ផ្តើមស្វិត ហើយឥទ្ធិពលនេះនឹងកើនឡើង នៅពេលញ៉ាំកាហ្វេច្រើនជាងនេះ។ អ្នកស្រាវជ្រាវបានបន្តទៀតថា រឿងនេះមានទំនាក់ទំនងគ្នា យ៉ាងច្បាស់លាស់មួយត្រង់ថា ស្ទើរតែពាក់កណ្តាលនៃមនុស្សស្រីទាំងអស់ គឺមានហ្សែនមួយ ដែលបង្ហាញថា មានជាប់ទាក់ទងនឹងទំហំ របស់សុដន់កាលណាញ៉ាំកាហ្វេច្រើន។
សាស្ត្រាចារ្យ Helena Jernstroem ដែលបង្រៀនមុខវិជ្ជាពិសោធន៍ខាងជំងឺមហារីក ក្នុងសាកលវិទ្យាល័យ Lund ក្នុងប្រទេស Sweden និយាយថា ការញ៉ាំកាហ្វេ អាចមានឥទ្ធិពលខ្លាំង ទៅលើទំហំសុដន់ ប៉ុន្តែ ស្ត្រីដែលញ៉ាំកាហ្វេ មិនគួរណាបារម្ភច្រើនទេ ព្រោះសុដន់ពួកគេ នឹងមិនស្វិតរហូតដល់បាត់តែម្តងនោះទេ គ្រាន់តែវាតូចជាងមុនប៉ុណ្ណោះ។
និយាយតាមត្រង់ទៅគឺថា វាមិនមែនជាដំណឹងអាក្រក់ទាំងអស់ សម្រាប់ស្ត្រីនោះទេ ព្រោះថាការស្រាវជ្រាវ បានរកឃើញទៀតថា ការញ៉ាំជាតិកាហ្វេអ៊ីនទៀងទាត់ អាចកាត់បន្ថយការប្រឈម នឹងជំងឺសុដន់បានទៀត៕