ផ្អែកតាមការសិក្សារស្រាវជ្រាវមួយនៅប្រទេសក្រិកបានបង្ហាញថា ការផ្តល់ថ្នាំផ្សះច្រើនដល់កូនក្មេង អាចបណ្តាលឱ្យមានការផ្លាស់ប្តូរមេតាបូលីស ហើយធ្វើឱ្យពួកគេប្រឈមនឹងជំងឺទឹកនោមផ្អែម ។
វេជ្ជបណ្ឌិត Dr Chaikleia Stefanaki អ្នកស្រាវជ្រាវខាងផ្នែក Pediatric Endocrinology នៅសាកលវិទ្យាល័យសុខាភិបាលក្រុងអាតែន ប្រទេសក្រិក បានពន្យល់ថា ការប្រើប្រាស់ថ្នាំផ្សះកាន់តែច្រើនទៅលើកូនក្មេងអាយុក្រោម៣ ឆ្នាំ នឹងបន្ថយអត្ថប្រយោជន៍សុខភាពរបស់មីក្រុបក្នុងពោះវៀន ហើយថែមទាំងរំខានដល់ការស្រូបយកក៏ដូចជាការធ្វើមេតាបូលីសទៅលើ សារធាតុចិញ្ចឹមទៀតផង ។ ហេតុផលទាំងនេះ អាចនាំទៅរកការប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមប្រភេទ២ក្នុង ភាគរយមួយខ្ពស់ ។
ការធ្វើវិភាគលាមករបស់បណ្តាក្មេងជំទង់ដែលមានបញ្ហាប្រឈមនឹងការ កើតជំងឺទឹកនោមផ្អែមចំនួន១០នាក់ និងក្មេងមានសុខភាពធម្មតាចំនួន១៤នាក់ ដែលមានអាយុចន្លោះពី១២ទៅ១៧ឆ្នាំបានរកឃើញថា ក្មេងជំទង់ដែលមានបញ្ហាប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមទាំង១០ នាក់ គឺធ្លាប់ប្រើប្រាស់ថ្នាំផ្សះប្រហែល៣ដងក្នុង១ឆ្នាំ កាលពីពួកគេមានអាយុ៣ឆ្នាំ។ ការវិភាគបានបង្ហាញទៀតថា ចំនួនបាក់តេរី Ruminococcus ថយចុះក្នុងលាមក ហើយដែលបាក់តេរីនេះជាបាក់តេរីល្អ ជួយផ្តល់ផលប្រយោជន៍ជាច្រើនដល់បាក់តេរីល្អៗផ្សេងទៀតក្នុងពោះវៀន ។ អ្នកវិទ្យាសាស្ត្របានប្រាប់ថា ការថយចុះនេះ នឹងបង្កឱ្យមានហានិភ័យកាន់តែខ្ពស់ក្នុងការប្រឈមនឹងការកើតជំងឺ ទឹកនោមផ្អែម ។
ដើម្បីបញ្ចៀសនូវហានិភ័យខាងដើម ក្រុមអ្នកសិក្សាបានណែនាំឱ្យឪពុកម្តាយគ្រប់រូបគួរផ្តល់នូវអាហារ prebiotic (អាហារដែលល្អដល់ការលូតលាស់នៃមីក្រុប) និង probiotic (ពពួកអាហារដែលមានមីក្រុបមានប្រយោជន៍)ចំពោះកូនៗរបស់ខ្លួន ដ្បិតអាហារទាំងពីរប្រភេទនេះអាចជួយឱ្យមានលំនឹងបាក់តេរីល្អក្នុង ពោះវៀន ហើយបន្ថយនូវឱកាសកើតជំងឺទឹកនោមផ្អែមដែលបណ្តាលមកពីការប្រើប្រាស់ ថ្នាំផ្សះពីវ័យក្មេង ៕