ភ្នំពេញ៖យោងតាមការផ្សាយរបស់facebookនាំអោយមានការភ្ញាក់ផ្អើលនិងមានអារម្មណ៍គួរអោយខ្លាចចំពោះអំពើរបស់បុគ្គលដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួនមួយចំនួន។
កន្លងមក គេគិតត្រឹមតែថា ខ្ញីហាន់ស្រេចពណ៌សៗនៅតាមផ្សារគឺអ្នកហាន់ម្នាក់ៗដែលជាអ្នកលក់ជាអ្នកដាក់ថ្នាំរក្សាសម្បុរអោយសស្អាតបានយូរ មិននឹកស្មានថា មានកន្លែងថ្នាក់អាចថាថ្នាក់កំរិតសិប្បកម្មផលិតខ្ញីហាន់ស្រេចដើម្បីយកទៅចែកចាយតាមផ្សារដូច្នេះសោះ។ដូចក្នុងរូបនេះជាភស្តុតាង ដើម្បីរក្សាសម្បុរសអោយបានយូរ គេត្រូវដាក់ថ្នាំគីមីចូលក្នុងធុងទឹក រួចចាក់ខ្ញីហាន់ចូលកូរអោយសព្វមុននឹងស្រង់យកទៅចែកចាយតាមផ្សារ។
ម្ចាស់Facebookដែលបានព្យាយាមចូលថតទីតាំងដែលមិនត្រូវបានបញ្ជាក់បានសរសេរថា"សូមបងប្អូនកុំទទួលទានខ្ញីដែលគេចិតរួចជាស្រេចដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាអោយសោះ។ពីព្រោះប្រភេទខ្ញីទាំងនេះអ្នកលក់បានដាក់ថ្នាំគីមីដើម្បីបំផ្លាញសុខភាពរបស់បងប្អូន។សូមបងៗសមត្ថកិច្ចមេត្តាចាត់វិធានការជាបន្ទាន់ចំពោះករណីនេះ។រូបភាពទាំងនេះទម្រាំថតបានខ្ញុំត្រូវប្រឈមមុខខ្លាំងណាស់។ជួយចែករំលែកដល់មេផ្ទះទាំងឡាយឲបានដឹងផង"។
ក្រោយបានឃើញរូបភាពនេះ និងការឃើញផ្ទាល់ភ្នែកនូវខ្ញីហាន់ស្រេចសៗនៅគ្រប់ផ្សារ ប្រជាជនទូទៅសំណូមពរអោយអាជ្ញាធរជាពិសេសសមត្ថកិច្ចក្រសួងពាណិជ្ជកម្មនិងប៉ូលិសសេដ្ឋកិច្ចធ្វើការស្រាវជ្រាវចាប់ជនល្មើស និងដើរប្រមូលខ្ញីប្រភេទនេះនៅតាមផ្សារ ពីព្រោះស្ទើរ៩០ភាគរយជាខ្ញីប្រភេទនេះកំពុងដាក់លក់លើទីផ្សារ៕