ភ្នំពេញ៖ នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ រសៀលថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥ សហភាពសហព័ន្ឋយុវជនកម្ពុជារាជធានី បានរៀបចំពិធីជូនរង្វាន់ជ័យលាភីដល់ សិស្សពូកែប្រឡងសញ្ញាប័ត្រទុតិយភូមិបានលទ្ធផលនិទ្ទេសខ្ពស់ជាងគេ និងប្រគល់ប័ណ្ណសរសើរ ដល់លោកគ្រូ អ្នកគ្រូ ចំនួន០៧រូប ដែលបានស្ម័គ្រចិត្តបង្រៀនបំប៉នក្រៅម៉ោងដល់សិស្សានុសិស្សមុនពេលត្រៀមប្រឡង ។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទុយ ស៊ីផាន់ អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិកសសយក លោកជំទាវ វ៉ែន ចាន់ធូ អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងជាសមាជិកសសយក ព្រមទាំងមានការអញ្ជើញចូលរួមដោយ លោក កេត រតនា ប្រធានការិយាល័យរដ្ឋបាល និងជាអនុប្រធានសសយកខណ្ឌជ្រោយចង្វារ លោក កែវ សុភារី សមាជិកក្រុមប្រឹក្សាខណ្ឌ និងជាប្រធានសសយកសង្កាត់ជ្រោយចង្វារ លោក ម៉ី វ៉ាន់ថន នាយកវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ លោកស្រី ហួត ឃីម លេខាធិការតំបន់ ក្រុមទំពាំងស្នងឬស្សី ព្រមទាំងលោកនាយករង លោក លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ក្រុមយុវជនសសយកសង្កាត់ ខណ្ឌ និងសិស្សានុសិស្សសរុប ចំនួន ១៥៥នាក់ ។
ក្នុងនោះសិស្សដែលបាននិទ្ទេសខ្ពស់ នៃវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ មានចំនួន០៣រូប៖ ទី១ ឈ្មោះ វែង វិស្ណុ ភេទប្រុស និទ្ទេស B ទទួលបានថវិកា ៨០០.០០០រៀល និងប័ណ្ណសរសើរ ទី២ ឈ្មោះ អៀរ មុយខេង ភេទស្រី និទ្ទេស C ទទួលបានថវិកា ៦០០.០០០រៀល និងប័ណ្ណសរសើរ ទី៣ ឈ្មោះ សុខ សុផល ភេទប្រុស និទ្ទេស C ទទួលបានថវិកា ៦០០.០០០រៀល និងប័ណ្ណសរសើរ ផងដែរ ៕
ប្រភព៖ ទំព័រ សសយក សង្កាត់ជ្រោយចង្វារ