ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០១៥ ក្រុមរួបរួមមិត្តដើម្បីការងារមនុស្សធម៌ បានយកអំណោយប្រគល់ជូនលោក វ៉ាន់ សុភា មុខរបរជាអ្នករើសអេតចាយមានប្រពន្ធឈ្មោះ សុខ ពាន អាយុ ៣៤ឆ្នាំ មានកូន៣នាក់និងក្មួយ៣នាក់រស់នៅក្នុងបន្ទុក ស្នាក់នៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានរងគ្រោះថ្នាក់ដោយសារ អ្នកមានម្នាក់ជិះរថយន្តទំនើបបានបាញ់ បណ្ដាលអោយរបួសធ្ងន់ កាលពីយប់រំលងអធ្រាត្រថ្ងៃទី១៤ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៥ កន្លងទៅ។ បច្ចុប្បន្ន លោក វ៉ាន់ សុភា បានសំរាកព្យាបាលនៅបន្ទប់សង្គ្រោះនៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ។
អំណោយរបស់ក្រុមការងារមនុស្សធម៌នោះរូមមាន៖ ថវិកា ២០០ដុល្លារ អង្ករ ៥០គីឡូក្រាម អាហារបំប៉នសុខភាព២កេស ត្រីខ២០កំប៉ុង ទឹកត្រីទឹកស៊ីអ៊ីវ១០ដប និងទឹកសុទ្ធ២យួរ ។
អ្នកស្រី សុខ ពាន ដែលជាប្រពន្ធជនរងគ្រោះមានក្ដីត្រេកអរ ឥតឧបមាចំពោះក្រុមរួបរួមមិត្តដើម្បីការងារមនុស្សធម៌ដែលមានទឹកចិត្តសប្បុរស និងចំណាយពេលវេលាយកសំភារៈមកផ្ដល់ជូន នៅពេលគ្រួសារគាត់កំពុងជួបការលំបាក និងពុំមានលទ្ធភាពគ្រប់គ្រាន់សំរាប់ព្យាបាលប្ដីរបស់គាត់ ទង្វើទាំងអស់នេះ សបញ្ជាក់អោយឃើញការយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកំពូល សម្ដេចតែងតែដោះស្រាយនូវរាល់ទុក្ខលំបាកជូនប្រជាពលរដ្ឋ ប្រកបដោយសមភាព សច្ចភាព តម្លាភាព អភិបាលកិច្ចល្អ រួមចំណែកការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាននិងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចំរើនជាលំដាប់ ។
ជាទីបញ្ចប់ អ្នកស្រី សុខ ពាន និងក្រុមគ្រូសារបានសំដែងនូវក្ដីអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការផ្ដល់នូវសំភារៈ និងថវិកា ពីសប្បុរសជនគ្រប់ទិសទី ពិសេសក្រុមរួបរួមមិត្តដើម្បីការងារមនុស្សធម៌ នាពេលល្ងាចនេះ ដែលបានរួបរួមគ្នាប្រមូលសំភារៈក៏ដូចជាថវិកា មកប្រគល់ជូនដល់គ្រួសារគាត់ និងសូមជូនពរបវរសួស្ដី ក្នុងឱកាសឆ្នាំថ្មីកើតមានដល់ក្រុមរួបរួមមិត្តដើម្បីការងារមនុស្សធម៌គ្រប់ៗគ្នា៕