ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានដឹកនាំមន្ត្រីក្រោម ឱវាទ និងយុវជនប្រមាណ ១០០នាក់ចូលរួមផ្តល់ឈាមក្រោមប្រធានបទយុទ្ធនាការ «ឈាម១០០លីត្រ» ដើម្បីយកឈាមជួយសង្គ្រោះជីវិតមនុស្ស ដែលជួបគ្រោះឧប្បត្តិហេតុផ្សេងៗ។ ពិធីផ្តល់ឈាមនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងក្នុងឱកាសនោះថា កម្មវិធីផ្តល់ឈាមនេះសបញ្ជាក់យ៉ាងច្បាស់អំពីទំនួលខុសត្រូវខ្ពស់របស់យុវជនកម្ពុជាក្នុង បុព្វហេតុជាតិ ជាពិសេសក្នុងការងារមនុស្សធម៌។ ក្នុងនោះការជួយសង្គ្រោះដោយគ្មានការរើសអើងទៅដល់ប្រជាជនកម្ពុជា ដែលកំពុងមានជំងឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ ហើយកំពុងតែត្រូវការឈាមជាបន្ទាន់ ដូចជាស្ត្រីសម្រាលកូន ដែលបាត់បង់ឈាមច្រើន ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ អ្នកជំងឺមហារីកជាដើម។
ឯកឧត្តម ហ៊ុន ម៉ានី បន្តថា សកម្មភាពរបស់យុវជននៅថ្ងៃនេះស្ថិតក្នុងគុណតម្លៃតែមួយ នៃស្មារតី ២ធ្នូ គឺការចេះជួយគ្នាទៅវិញទៅមកភាតរភាពរវាងគ្នានឹងគ្នា សាមគ្គីភាពជាតិ ក្នុងអត្ថន័យតែមួយ គឺខ្មែរតែមួយអនាគតតែមួយ។
លោកជំទាវ ម៉ែន សំអន បានមានមតិថាការបរិច្ចាគឈាមនេះ គឺជាការសាងបុណ្យកុសល ដ៏ធំមួយ សម្រាប់ការជួយសង្គ្រោះជីវិតមនុស្សផងដែរ។
លោកជំទាវ ក៏បានបញ្ជាក់ទៀតថា ស្មារតីនៃការបរិច្ចាគឈាមដែលកើតចេញពីសេចក្ដីអាណិតស្រឡាញ់ និងគុណធម៌ ដ៏ពិសិដ្ឋនាថ្ងៃនេះ បានចូលជ្រួតជ្រាបដល់ក្រអៅបេះដូងជនជាតិខ្មែរគ្រប់រូបឲ្យផុសចេញនូវសណ្ដានចិត្ដអាណិតស្រឡាញ់ ចេះជួយសង្គ្រោះគ្នាទៅវិញទៅមក តាមរយៈការជួយបរិច្ចាគឈាម ដែលអាចសំយោគជាអត្ថន័យបានថា «បរិច្ចាគឈាមម្នាក់គឺសង្គ្រោះជីវិតម្នាក់» និង «អំ ណោយឈាម គឺអំណោយជីវិត»។
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមន្រី្តរាជការគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ សិស្ស និស្សិត និង ប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាមដោយក្តីអាណិតស្រឡាញ់ ហើយអំណោយជាឈាមនេះគឺជាមហាបុណ្យកុសលដ៏ធំ រកអ្វីប្រៀប ផ្ទឹមពុំបានឡើយ ព្រោះបានសង្រោះ្គជីវិតមនុស្ស៕ ដោយ មែន កំសត់