ភ្នំពេញ៖ យុវជនម្នាក់ បានលះបង់ទ្រព្យធនរបស់ខ្លួនរួមជាមួយមិត្តភក្ដិមួយក្រុមបានយកកាកសំណល់សំរាមដែលគេបោះចោលមកកែច្នៃធ្វើជាសាលាមួយដែលមានឈ្មោះថា «សាលាដូង» ដើម្បីបង្រៀនដល់កុមារក្រីក្រនៅកោះដាច់ ដោយឥតគិតថ្លៃ។
លោក អ៊ុក វ៉ាន់ដេ អ្នកគ្រប់គ្រងនិងជាអ្នកបង្កើតសាលាដូងបាននិយាយថា សាលានិងផ្ទះសំរាមនេះមិនមែនជាអង្គការក្រៅរដ្ឋាភិបាលទេ ហើយការបង្កើតសាលានេះឡើងគឺដើម្បីជួយដល់កុមារក្រីក្រនៅលើកោះនេះសិក្សាលើជំនាញមួយចំនួនដូចជា ភាសាអង់គ្លេស និងកុំព្យូទ័រជាដើមនិងអប់រំកុមារឲ្យយល់ពីសារៈសំខាន់ពីសំរាម។
ជាងនេះទៀត ការបង្កើតនេះក៏ដើម្បីការពារដល់កុមារក្នុង១ថ្ងៃ២០០ទៅ៣០០នាក់ ឆ្លងទៅសិក្សានៅភ្នំពេញ។ លោកថាបើលោកឆ្លងមកតែម្នាក់ឯង បើមានគ្រោះថ្នាក់ក៏គ្រោះថ្នាក់តែលោកម្នាក់ដែរ។ ដូចនេះហើយទើបលោកមានគំនិតចង់បង្កើតសាលានេះឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់កុមារលើកោះនេះបានរៀនសូត្រដោយមិនចាំបាច់ឆ្លងទៅរៀននៅភ្នំពេញនិងព្រែកលៀបបន្តទៀតបើទោះបីជានៅស្រុកយើងនៅមិនទាន់មានករណីលិចទូកដូចនៅស្រុកគេក៏ដោយ។
លោក អ៊ុក វ៉ាន់ដេ បន្តថា មូលហេតុដែលលោកដាក់ឈ្មោះថា សាលាដូងដោយសារតែសាលាដែលសាងសង់នេះភាគច្រើនធ្វើពីដើមដូងដូចជា តុអង្គុយក៏ធ្វើពីដូងដែរ។ តែក្រោយមកលោកចេះតែកែច្នៃវត្ថុផ្សេងៗជាសំរាមដែលគេបោះចោលមកធ្វើជាដំបូលសម្រាប់ការពារកម្ដៅថ្ងៃ និងធ្វើរបេងនៅក្នុងចម្ការបន្លែ។
លោកបានបន្ថែមថា ឆ្នាំ២០១៣ និងឆ្នាំ២០១៤ រាល់ការចំណាយលើការបង្កើតសាលានេះស្ទើរតែ១០០ភាគរយជាលុយរបស់លោកតែម្ដង គឺ២០ភាគរយ ជួយពីខាងក្រៅគឺប្រមាណ១៥.០០០ដុល្លារ បានចំណាយលើសាលាពីរខ្នង តារាងបាល់ទាត់និងសួនបន្លែ។
តែរហូតដល់ពាក់កណ្ដាលឆ្នាំ២០១៥នេះ មានការជួយពីសប្បុរសជនពីខាងក្រៅដែលធ្វើឲ្យការចំណាយផ្ទាល់ខ្លួនត្រូវបានកាត់បន្ថយស្ទើរតែ១០០ភាគរយដោយសារតែមានការចង់ដឹងចង់ឮពីផ្ទះសំរាម និងសកម្មភាពរបស់សាលា ព្រោះថាសាលានេះលោកបានកែច្នៃចេញពីវត្ថុដែលជាសំរាមនិងដើម្បីឲ្យក្មេងៗបានយល់ដឹង និងអត្ថប្រយោជន៍ពីសំរាម។
សាលាដូងនេះអាចដំណើរការបានមកដល់ពេលនេះ បើពឹងលើលោកផ្ទាល់ពិតជាការលំបាកអញ្ចឹងមានតែការចូលរួមពីបងប្អូនប្រជាពលរដ្ឋព្រោះថាការធ្វើអ្វីមួយមិនអាចបុគ្គលម្នាក់ធ្វើបានជោគជ័យដោយមិនមានការចូលរួមនោះទេ។ បើមានការចូលរួមក្តីរំពឹងមិនចូលរួមក្តីរំពឹងក៏រួញទៅតាមហ្នឹងដែរ។
ដោយសារតែមើលឃើញនូវការលំបាកនេះហើយ ទើបលោកសម្រេចចិត្តមកសុំផ្ទះអ្នកស្រុកបើកជាសាលាដូងនេះឡើងដើម្បីជួយបង្ហាត់បង្រៀនដល់កុមារក្រីក្រឲ្យពួកគេទទួលបានចំណេះដឹងផ្នែកភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ។
លោក អ៊ុក វ៉ានដេ បានបន្តទៀតថាក្នុងការបង្រៀននេះលោកមានមិត្តភ័ក្ដិជួយ ដែលពីមុនមាន៦នាក់តែឥឡូវនេះនៅសល់តែ៤នាក់ទេដោយសារពួកគេមានការលំបាកក្នុងការធ្វើដំណើរ។ លោកបានបញ្ជាក់ថាការបង្រៀននេះ គឺនៅចុងសប្ដាហ៍ទេ ដែលជាថ្ងៃឈប់សម្រាក ព្រោះលោកនិងមិត្តភ័ក្ដិផ្សេងទៀតក៏ធ្វើការផងដែរសម្រាប់យកថវិកាមកចំណាយលើទឹកភ្លើងនិងសម្ភារៈផ្សេងៗដោយក្នុង១ខែចំណាយជាង១០០ដុល្លារ។
គួរបញ្ជាក់ថា សាលាដូងគឺជាសាលាសហគមន៍បង្រៀនបន្ថែមឥតគិតថ្លៃដល់កុមារក្រីក្រនៅលើកោះដាច់។ សាលាសហគមន៍មួយនេះបង្កើតឡើងតាំងពីឆ្នាំ ២០១៣ដោយក្រុមយុវជនស្ម័គ្រចិត្តខ្មែរមួយក្រុមដែលស្រឡាញ់ការសិក្សានិងឲ្យតម្លៃទៅការអភិវឌ្ឍសង្គមភ្ជាប់ជាមួយការអប់រំ។
សព្វថ្ងៃសាលាដូងមានសិស្សប្រមាណជាង២០០នាក់ ដែលពួកគេរៀនឆ្លាស់ម៉ោងគ្នាតាមមុខវិជ្ជាដែលពួកគេចង់រៀនបំប៉ន។ លក្ខណៈពិសេសនៃសាលាដូង គឺមិនមែនត្រឹមតែជាការបង្រៀនឥតគិតថ្លៃនោះទេ សាលាសហគមន៍មួយនេះធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កោះដាច់ដោយសារតែអគារដែលបានសាងសង់ធ្វើបន្ទប់សិក្សាគឺធ្វើចេញពីរបស់កែច្នៃមួយចំនួនដូចជា កង់ឡាន ដបប្លាស្ទិកនិងភេសជ្ជៈផ្សេង ដែលគេបោះចោលជាដើម។
ដោយមើលឃើញពីការតស៊ូ និងការយកចិត្តទុកដាក់ចំពោះសង្គមកាលពីថ្ងៃទី២៦ធ្នូ ក្រុមហ៊ុនវីតាល់ ដែលល្បីល្បាញខាងកម្មវិធីមនុស្សធម៌បានបង្កើតកម្មវិធីមួយមានឈ្មោះថា «គាំទ្រវិស័យអប់រំ និងការកែច្នៃសំរាម» បានធ្វើការសម្ពោធដំបូលដបប្លាស្ទិកវីតាល់និងផ្តល់ឧបករណ៍សិក្សាមួយចំនួនដល់សាលាដូងដែលជាសាលាសហគមន៍បង្រៀនឥតគិតថ្លៃតែមួយគត់នៅលើកោះដាច់។
លោក ជុងហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន វីតាល់ក៏ជាអ្នកដឹកនាំកម្មវិធីសប្បុរសធម៌មួយនេះបានមានប្រសាសន៍ថា «យើងពិតជារំភើប និងរីករាយចំពោះកម្មវិធីសប្បុរសធម៌មួយនេះព្រោះកម្មវិធីនេះមិនត្រឹមតែអនុញ្ញាតឲ្យវីតាល់បានចូលរួមចំណែកដល់វិស័យអប់រំនៅកម្ពុជានោះទេ យើងក៏បានជំរុញនិងបណ្តុះគំនិតដល់ពលរដ្ឋខ្មែរ ក៏ដូចជាក្រុមហ៊ុនឯកជនដទៃទៀតងាកមកយកចិត្តទុកដាក់លើការកែច្នៃសំណល់ពីឧស្សាហកម្មខ្លួនមកធ្វើជារបស់មានតម្លៃ ដូចអ្វីដែលវីតាល់កំពុងតែធ្វើនេះ»។
លោកប្រធានបានបន្តថា សាលាដូងគឺជាសាលាដែលគួរឲ្យចាប់អារម្មណ៍មួយ ព្រោះសាលានេះបានបង្កើតដោយក្រុមយុវជនស្ម័គ្រចិត្តរបស់ខ្មែរដែលសុទ្ធសឹងតែជាទំពាំងស្នងឫស្សីល្អៗ ហើយស្រឡាញ់ការសិក្សានិងផ្តល់តម្លៃដល់ការចូលរួមក្នុងការអភិវឌ្ឍសង្គមយ៉ាងមោះមុត។
លក្ខណៈពិសេសមួយទៀតរបស់សាលាដូង គឺចក្ខុវិស័យរបស់សាលាមួយនេះមិនទាមទារការឧបត្ថម្ភជាសាច់ប្រាក់ហើយឲ្យតម្លៃចំពោះការចូលរួមជាកម្លាំង និងឧបករណ៍ជំនួសវិញ។ សកម្មភាពទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ពីការតាំងចិត្តជួយដល់សង្គមយ៉ាងពិតប្រាកដពីយុវជនខ្មែរយើង។ វីតាល់ សង្ឃឹមថាកម្ពុជាយើងនឹងមានសាលាសហគមន៍បែបនេះកាន់តែច្រើននៅតំបន់ក្រីក្រដទៃទៀតឲ្យបានកាន់តែច្រើន។
លោក អ៊ុក វ៉ាន់ដេ អ្នកគ្រប់គ្រង និងជាអ្នកបង្កើតសាលាដូងបាននិយាយថានេះជាលើកទីមួយហើយដែលមានក្រុមហ៊ុនឯកជនបានចាប់អារម្មណ៍ក្នុងការផ្តល់អំណោយសប្បុរសដល់សាលាដូង លោកពិតជាមានចិត្តសប្បាយរីករាយជំនួសក្មេងៗនៅសាលាដូងទាំងអស់នៅពេលដែលទទួលបានដបប្លាស្ទិកពីវីតាល់ដើម្បីជាដំបូលជ្រកដាក់កង់ ម៉ូតូ និងម៉ាស៊ីនព្រីន ដ៏ទំនើបនិងសម្រាប់ជំនួយដល់ការសិក្សារបស់សិស្សដើម្បីឲ្យពួកគេយល់កាន់តែច្បាស់ពីជំនាញតិចណូឡូជី។
លោកក៏សង្ឃឹមថា វីតាល់នឹងបន្តគាំទ្រសាលាដូងបន្តទៀតនៅថ្ងៃអនាគត ព្រោះសាលាដូងនៅមានគម្រោងសាងសង់អាគារពីសំណល់ដបប្លាស្ទិចមួយចំនួនបន្ថែមទៀត៕ ដោយ មែនកំសត់