ភ្នំពេញ៖ កាលពីថ្មីៗនេះ យុទ្ធនាការថ្មីមួយដែលមានឈ្មោះថា GoGoCambodia ត្រូវបានប្រកាសផ្តើមអនុវត្តនៅក្នុងទីតាំងផ្សារ AEON Mall ដោយមានវត្តមានក្រុមយុវជនវ័យក្មេង សហគ្រិនជោគជ័យ ជ័យលាភីជាតិ កីឡាករឆ្នើម តារាល្បីៗ និងអ្នកចូលរួមជាច្រើននាក់ផ្សេងទៀត។
យុទ្ធនាការ GoGoCambodia គឺជាយុទ្ធនាការថ្នាក់ជាតិមួយ ដែលផ្តួចផ្តើមឡើងដោយក្រុម សមាជិកយុវជន You & I និងដែលធ្វើឡើងក្នុងគោលបំណងលើកតម្កើងមោទនភាពជាតិខ្មែរ នៅគ្រប់វិស័យចាប់ពីវិស័យអប់រំ រហូតដល់វិស័យការពារជាតិ។ យុទ្ធនាការនេះកើតចេញពីឆន្ទៈកូនខ្មែរក្នុងគោលបំណងបង្កើតជាវេទិកាមួយ ដើម្បីឲ្យពួកគេគ្រប់រូបអាចបង្ហាញនូវមោទនភាពរបស់ខ្លួនក្នុងនាមជាកូនខ្មែរ ក៏ដូចជាមោទនភាពជាតិទៅដល់ពិភពលោក។
កើតចេញពីក្រុមយុវជនដែលចង់បង្ហាញនូវភាពវិជ្ជមានរបស់កម្ពុជា ហើយជឿជាក់ទៅលើ អនាគតភ្លឺស្វាងរបស់ប្រទេសខ្លួន GoGoCambodia ទទួលបានការចូលរួមពីសំណាក់ក្រុម យុវជនជាច្រើនក្រុមផ្សេងទៀត រួមទាំងប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដែលក្នុងនោះរួមទាំងបុគ្គលសាធារណៈ កីឡាករជ័យលាភី អ្នកអប់រំ សហគ្រិនជោគជ័យ និងតារាល្បីៗជាដើម។ យុទ្ធនាការថ្នាក់ជាតិមួយនេះ ស្វាគមន៍រាល់ការចូលរួមរបស់ប្រជាជនខ្មែរគ្រប់រូប ដែលចង់រួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍសង្គមរបស់ខ្លួន។
GoGoCambodia ប្រកាន់ខ្ជាប់នូវទស្សនវិស័យដែលថា ប្រសិនបើនរណាម្នាក់អាចសម្រេច កិច្ចការមួយដែលជាប្រយោជន៍សម្រាប់ការអភិវឌ្ឍ និងបង្កើនមោទនភាពជាតិនោះ អ្នកដទៃទៀតក៏អាចនឹងធ្វើបានដែរ។ យុទ្ធនាការនេះជំរុញឲ្យកូនខ្មែរគ្រប់រូបជឿជាក់ថា ប្រទេសកម្ពុជា គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អនាគតរបស់ពួកគេ៕
ប្រភព៖ thmeythmey