ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងនិមន្តព្រះសង្ឃបង្សុកូលឧទ្ទិសកុសលជូនដល់ជនរងគ្រោះក៏ដូចជាអតីតយុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុមាតុភូមិនៅក្នុងរបបខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីនេះបានចាប់ផ្តើមពីម៉ោង ០៧ និង០០នាទីព្រឹក ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ដូនជី តាជី និងថ្នាក់ដឹកនាំ គណៈកម្មាធិការកណ្តាល សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកសារព័ត៌មាន និងសាធារណជន សរុបចំនួនប្រមាណ៤០០នាក់។
បន្ទាប់ពីបានស្មឹងស្មាធិ៍ចំនួន១នាទី គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ និងយុទ្ធជនពលីរួច មក ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងអ្នកចូលរួមទាំងអស់បានប្រគេនទេយ្យវត្ថុដល់ព្រះ សង្ឃចំនួន៧អង្គ ដើម្បីសូត្រធម៌បង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរង គ្រោះដែលត្រូវបានសម្លាប់ និងបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម ក៏ដូចជាយុទ្ធជន ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី និងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់អំណោយជូនដល់ដូនជី តាជី ចំនួន៣០នាក់ ដែលក្នុងម្នាក់ៗទទួលបាននូវកំណាត់សមួយដុំ និងថវិកាសប្បុរសធម៌ចំនួន ១០.០០០រៀល និងជូនដល់អតីតយុទ្ធជនចំនួន១០នាក់ ដែលក្នុងម្នាក់ៗទទួល បាននូវថវិកាចំនួន ៥០.០០០ រៀលផងដែរ។
គួររំឮកផងដែរថា អស់រយៈកាល៣៧ឆ្នាំមកហើយ ដែលប្រទេសកម្ពុជាបានរួចចាកផុតពី របបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបវាលពិឃាដ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ខ្មែរក្រហម ដែលបានបណ្តាលឱ្យប្រជាជនខ្មែរស្លាប់អស់ជាង២លាននាក់ និងបានបន្សល់ ទុកនូវស្ត្រីមេម៉ាយ បុរសពោះម៉ាយ និងកូនកំព្រាជាច្រើនសែននាក់ឱ្យស្ថិតក្នុងភាព និរាសព្រាត់ប្រាស់ដ៏ឈឺចាប់ខ្លោចផ្សា។
បឹងជើងឯក ដែលធ្លាប់ជាតំបន់ប្រវត្តិសាស្ត្របុរាណវិទ្យាមួយ ត្រូវបានពួកខ្មែរក្រហមប្រែ ក្លាយជាកន្លែងសម្លាប់មនុស្សមួយដ៏សាហាវព្រៃផ្សៃបំផុត ដែលភាគច្រើននៃជនរងគ្រោះ ទាំងនោះត្រូវបានបញ្ជូនមកពីមន្ទីរ សន្តិសុខទួលស្លែង ឬមន្ទីរស-២១។
កន្លែងសម្លាប់មនុស្សជើងឯកស្ថិតក្នុងចំណោមទីតាំងសម្លាប់ជាច្រើនទៀត នៅទូទាំងប្រទេស ដែលត្រូវបានបង្កើតក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។ ជនរងគ្រោះ ទាំងចាស់ និងក្មេង ទាំងប្រុស និងស្រី ដែលភាគច្រើនជាសាស្ត្រាចារ្យ បញ្ញាវន្ត និងនិស្សិត អ្នកចេះដឹង រួមទាំង កម្មាភិបាលជាន់ខ្ពស់ និងមន្ត្រីយោធាខ្មែរក្រហមខ្លួនឯងជាច្រើនរូបសរុបប្រមាណ ១២.០០០នាក់ ត្រូវបានពួកខ្មែរក្រហមនាំយកមកសម្លាប់នៅទីតាំង ជើងឯកនេះ។ រណ្តៅសាកសពរួមជាច្រើនកន្លែងនៅទីតាំងនេះ គឺជាភស្តុតាងជាក់ស្តែងស្រាប់។
ការជួបជុំគ្នាដើម្បីគោរពវិញ្ញាណក្ខន្ធនាថ្ងៃនេះបង្ហាញថា យុវជនកម្ពុជាជំនាន់ក្រោយនឹងមិន បំភ្លេចអំពីការបាត់បង់ជីវិតរបស់ជនរងគ្រោះទាំងអស់នៃរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយក៏ ទទួលស្គាល់ និងចងចាំនូវគុណូបការៈយ៉ាងធំធេង ដែលមិនអាចកាត់ថ្លៃបានរបស់អតីត វីរយុទ្ធជន ដែលបានពលីដើម្បីរំដោះប្រទេសជាតិ ក៏ដូចជា វីរយុទ្ធជនដែលកំពុងរស់រាន មានជីវិតដល់ពេលបច្ចុប្បន្ននេះ ដែលបានលះបង់ដើម្បីដណ្តើមយកជ័យជម្នះ និងសិទ្ធិសេរីភាពជូនប្រជាជនកម្ពុជាវិញ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
ពិធីនេះក៏ធ្វើឲ្យយុវជនជំនាន់ក្រោយយល់ដឹង និងចងចាំនូវមេរៀនដ៏សែនឈឺចាប់ ដែលប្រទេសកម្ពុជាធ្លាប់បានទទួលរងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រមទាំងធ្វើឲ្យ យុវជនកម្ពុជាកាន់តែមានស្មារតីរឹងមាំ និងមានភាពមធ្យ័តក្នុងការទទួលស្គាល់ ពីតម្លៃសន្តិភាព ហើយចូលរួមថែរក្សាសមិទ្ធផលនានាដែលសម្រេចបានមកយ៉ាងលំបាក នាពេលកន្លងមក៕