ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំដល់ប្អូនៗកុមារកំព្រា រួមទាំងផ្តល់បាល់ទាត់ , បាល់ទះ ចំនួន ១៥០គ្រាប់ ដល់មជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ក្រោមគម្រោងសមាគមសប្បុរសធម៌ឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាតកាលពីល្ងាច ថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០១៦។
ពិធីនោះ ក៏មាន ចូលរួមពី លោកតំណាងអភិបាលខណ្ឌ សសយកខណ្ឌ ក្រុមប្រឹក្សាសង្កាត់ យុវជនសង្កាត់ មេភូមិ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ជាច្រើននាក់ផងដែរ។
នាឱកាសនោះឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានមានមតិនិងសំណេះសំណាលទៅកាន់បងប្អូននិងអ្នកចូលរួម ថា៖ក្រោមកិច្ចសហការយ៉ាងល្អ ជាមួយសមាគមសប្បុរសធម៌ឌូបៃ នៅប្រទេសអារ៉ាប់រួម សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា បាននឹងកំពុងសម្របសម្រួលគម្រោងចិញ្ចឹមក្មេងកំព្រាទាំងពីរភេទនៅតាមផ្ទះ មកពី ១១រាជធានី-ខេត្ត។ ក្រៅពីគម្រោងខាងលើ សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា បានធ្វើសកម្មភាពជាច្រើន លើកិច្ចការជួយកុមារកំព្រានៅកម្ពុជា។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៣-២០១៤ មានកុមារកំព្រាចំនួន ៦៦នាក់ , ក្នុងឆ្នាំ២០១៥ ម្ចាស់ជំនួយបានជ្រើសរើសចំនួន ៤៣ថែមទៀត ដូចនេះកុមារកំព្រាស្ថិតក្នុងគម្រោងកើនឡើងសរុបចំនួន ១០៩នាក់៕