ភ្នំពេញ៖រសៀលថ្ងៃទី១៦ ខែកុម្ភៈនេះ អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបពិភាក្សាគ្នាស្តីពីការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៥៩ ឈានចូល២៥៦០។ ជំនួបពិភាក្សានេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប។
មិនខុសពីឆ្នាំមុន ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះនឹងរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរមណីយដ្ឋានអង្គរ ដែលជាដួងព្រលឹងជាតិខ្មែរ។ យោងតាមបទបង្ហាញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំនេះនឹងមានរៀបចំជា២៤កម្មវិធីធំៗ ដូចជា ពិធីសាសនា កម្មវិធីភូមិខ្ញុំ និម្មិតភូមិ របាំប្រពៃណីបុរាណ កម្មវិធីល្បែងប្រជាប្រិយ គុនល្បុក្កតោ ពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ជាដើម។ អ្វីដែលថ្មីសម្រាប់កម្មវិធីអង្គរសង្ក្រាន្តឆ្នាំថ្មីនេះមានដូចជា ការសម្តែងល្ខោនបាសាក់រឿងនាងទិព្វសង្វារ កម្មវិធីវិចិត្រករឯក ដែលតាំងពិព័រណ៍រូបគំនូរ ដើម្បីប្រកួតប្រជែងជាលក្ខណៈមិត្តភាព និងសួនកុមារជាដើម៕