ភ្នំពេញ៖អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស នារសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៦។
ជំនួបពិភាក្សានេះមានគោលបំណងផ្សព្វផ្សាយអំពីក្បួនដង្ហែរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក នៅថ្ងៃខែមេសាខាងមុននេះ ។ ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីខ្មែរ ក្នុងនោះក៏មានការតាំងពិព័រណ៍ពាណិជ្ជកម្មផងដែរ។
ក្នុងន័យនេះឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ស្នើសុំការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជាក្នុងការជួយផ្សព្វផ្សាយ និងអញ្ជើញសមាជិកចូលរួមក្នុងព្រឹត្តិការណ៍នេះ។
អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍គាំទ្រដល់ព្រឹត្តិការណ៍ដ៏ប្រសើរនេះ
និងរៀបចំឲ្យមានការផ្សាយផ្ទាល់តាមទូរទស្សន៍ពីសហរដ្ឋអាមេរិកមកកម្ពុជា។ បន្ថែមពីលើនេះទៀត សមាជិកសភាពាណិជ្ជកម្មកម្ពុជានឹងចូលរួមឲ្យបានច្រើនកុះករ៕