ឯកឧត្តម ហ៊ុន ម៉ា​នី ជាប់ឆ្នោត​ជា​ប្រធាន​ថ្មី នៃ​ក្រុមប្រឹក្សា​យុវជន​អាស៊ី

26-February-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ ជា​ជោគជ័យ​ថ្មី​មួយទៀត​ដែល ឯកឧត្តម​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ត្រូវបាន​គណៈកម្មាធិកា​រ​ប្រតិបត្តិ របស់​ក្រុមប្រឹក្សា​បោះឆ្នោត ជ្រើសតាំង​ជា​ប្រធាន​ថ្មី​នៃ​ក្រុមប្រឹក្សា​យុវជន​អាស៊ី កាលពី​យប់​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​។​
​នេះ​បើតាម​ការគូសបញ្ជាក់រ​បស់ លោក គីម រិទ្ធី អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ថ្លែង​ក្នុងឱកាស​បើក​វេទិកា​យុវជន​អាស៊ី នា​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។​
​នៅមុន​ភាពជោគជ័យ​នៃ​ការទទួលបាន​តំណែង​ប្រធាន​អង្គការ​យុវជន​កម្រិត​តំបន់​នេះ ឯកឧត្តម​ហ៊ុន ម៉ា​នី ក្នុងនាម​ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ទើប​ទទួលបាន​ពានរង្វាន់​អន្តរជាតិ​មួយ គឺ​ពានរង្វាន់​សន្តិភាព GUSI ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ ឯកឧត្តម ហ៊ុន ម៉ា​នី ក្នុង​ការងារ​ពាក់ព័ន្ធ​ការថែរក្សា​សន្តិភាព​សកល ភាពជា​អ្នកដឹកនាំ​យុវជន​សកល ការងារ​មនុស្សធម៌ និង​ការងារ​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ។​

​សូមបញ្ជាក់ថា ក្រុមប្រឹក្សា​យុវជន​អាស៊ី (AYC) គឺជា​អង្គការ​យុវជន​តំបន់​ក្រៅ​រដ្ឋាភិបាល ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ថៃ្ង​ទី​១៤ ខែសីហា ឆ្នាំ​១៩៧២ ក្នុង​គោលបំណង​ផ្តល់​វេទិកា​រួមមួយ​ដល់​ថ្នាក់ដឹកនាំ​យុវជន និង​យុវជន​អាស៊ី ដែលមាន​គោលបំណង​ដូចគ្នា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គម​។ សមាជិកភាព​របស់​ក្រុមប្រឹក្សា​យុវជន​អាស៊ី រួមមាន​អង្គការ​យុវជន​ជាតិ ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​របស់ខ្លួន​។
​ក្រុមប្រឹក្សា​យុវជន​អាស៊ី តែងតែ​រៀបចំ​នូវ​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន​ជា​រៀងរាល់ឆ្នាំ ហើយ​នៅ​ឆ្នាំ ២០១៦​នេះ សន្និបាត​ប្រចាំឆ្នាំ​របស់ ក្រុមប្រឹក្សា​យុវជន​អាស៊ី ត្រូវបាន​រៀបចំឡើង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕












ចំនួនអ្នកទស្សនា

    19586587

  • ថ្ងៃនេះ2811
  • ម្សិលមិញ4091
  • សប្តាហ៍នេះ2811
  • ខែនេះ22881
  • ឆ្នាំនេះ359141
  • សរុប19586587