ភ្នំពេញ៖នាព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៦ នៅមន្ទីរស្នាក់ការបក្សខេត្តព្រៃវែង បានរៀបចំកម្មពិធីប្រកាសសេចក្តីសម្រេចកែសម្រួលក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រុងព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម យក់ ង៉ុយ ប្រធានក្រុមការងារក្រុងព្រៃវែង។
កិច្ចប្រជុំមានវត្តមាន ឯកឧត្តម អ៊ុំ ប៊ុនឡេង អនុប្រធានគណកម្មាធិកាបក្សខេត្ត និងជាប្រធានគណ:ប្រចាំការបក្សខេត្ត និង ឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារយុវជនបក្សខេត្ត សមាជិក សមាជិកាបក្ស ក្រុងឃុំសង្កាត់ និងសកម្មជនយុវជន ជាច្រើននាក់ផងដែរ។
នាឱកាសនោះឯកឧត្តម យក់ ង៉ុយ ប្រធានក្រុមការងារក្រុងព្រៃវែង បានមានមតិសំណេះសំណាលនិងបានជម្រាបជូនគោលការណ៍មួយចំនួន របស់ថ្នាក់ដឹកនាំបក្ស លើសពីនោះទៅទៀត ឯកឧត្តមក៏បាន អានជូននូវសេចក្ដីសម្រេច កែសម្រួលក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រុងព្រៃវែង និងទទួលស្គាល់សមាសភាពនេះជាជនបង្គោល លើកនៃក្រុមយុវជនបក្ស ក្រុងពីពេលនេះតទៅ។
ឯកឧត្តមស្នើដល់បក្សក្រុងនិងក្រុមការងារយុវជន ត្រូវបន្តការយកចិត្តទុកដាក់ខិតខំធ្វើសកម្មភាពពង្រឹងគោលជំហរ ស្មារតី ក្រុមបក្សគ្រប់ស្រទាប់ ហើយប្រព្រឹត្តតែអំពើល្អ និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរជូនប្រជាពលរដ្ឋ និងដោះស្រាយនូវបញ្ហាប្រឈមនានាឲ្យបាន ដើម្បីមានភាពជោគជ័យនៅឆ្នាំបោះឆ្នោតនាពេលខាងមុខ៕