កំពង់ធំ៖ នៅថ្ងៃទី០៥ខែមីនា ឆ្នាំ២០១៦ លោក ប៉ាន់ ខែម ប្រធានក្រុមសម្ព័ន្ធ សេនានាគបានដឹកនាំកម្លាំងចុះទៅប្រគល់ផ្ទះថ្មី ជូន លោក សិទ្ធិ ឌី និង លោកស្រី ប្រាក់ សារិន ដែលត្រូវរងគ្រោះដោយ អគ្គីភ័យកន្លងមក ស្ថិតនៅភូមិ កំពង់ស្វាយ ឃុំ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងពិធីនេះមានការចូលរួម ពីសមាជិក សម្ព័ន្ធ សេនានាគ ក្រុមប្រឹក្សាឃុំ មេភូមិ យុវជន ផងដែរ។នាឱកាសនោះដែរ លោកប៉ាន់ ខែម ប្រធានក្រុម សម្ព័ន្ធ សេនានាគ បានធ្វើការសំណេះសំណាល ទៅកាន់ក្រុមគ្រួសារ និងពាំនាំនូវការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេស សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចខិតខំកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ គ្រប់វិស័យ និងដោះស្រាយរាល់ទុក្ខលំបាកជូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។លោកក៏បានបញ្ជាក់ថា៖ ថវិកាដែលសាងសង់ផ្ទះថ្មីប្រគល់ជូននាពេលនេះបានមកពីការប្រមូលរួបរួមគ្នាពីសប្បុរសជន នៅក្នុងក្រុម និង ការឧបត្ថម្ភពីអាជ្ញាធរ មូលដ្ឋាន។
នាឱកាសនោះតំណាងគ្រួសារលោក សិទ្ធិ ឌី បានមានសេចក្ដី ត្រេកអរ ឥតឧបមា និងបានថ្លែងនូវអំណរគុណ ចំពោះសម្ព័ន្ធ សេនានាគនិងក្រុមប្រឹក្សាឃុំ មេភូមិដែលបានសាងសង់ផ្ទះថ្មី១ខ្នង ជូនពួកគាត់ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន៕