កំពង់ឆ្នាំង៖ នៅព្រឹកថៃ្ងទី១៦ ខែមីនា ឆ្នាំ២០១៦ ប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍និងស.ស.យ.កខេត្ត មន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកជំទាវ កែ ច័ន្ទមុនី ប្រធានកិតិ្តយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត និងជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ឆ្នាំងបានចុះសាកសួរសុខទុក្ខនាំយកអំណោយថវិកា និងគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនស្ត្រីមេម៉ាយក្រីក្រគ្មានទីពឹងចិញ្ចឹមកូន២នាក់ មានមុខរបរឡើងត្នោតដល់លំនៅដ្ឋានស្ថិតក្នុងភូមិព្រះរាមរង្ស៊ី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពិធីនេះមានការចូលរួមពី លោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្តលោកស្រីឈុំ ចាន់សុខ ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត លោក សោម វឺន អភិបាលស្រុករលាប្អៀរ និងប្រតិភូស.ស.យ.កខេត្ត ។
លោកសោម វឺន អភិបាលស្រុករលាប្អៀរបានអោយដឹងថា៖អំណោយនិងថវិកាដែលលោកជំទាវ កែ ច័ន្ទមុនី និងប្រតិភូសមាគមនារីកម្ពុជាសន្តិភាព ដើម្បីអភិវឌ្ឍន៍មន្ទីរសង្គមកិច្ចខេត្តស.ស.យ. កខេត្ត និងសប្បុរសជនបានឧបត្ថម្ភដល់ស្ត្រីមេម៉ាយក្រក្រីឈ្មោះញ៉ឹក ចំរើន អាយុ៣៣ឆ្នាំ ចិញ្ចឹមកូន២នាក់ មានមុខរបរឡើងត្នោតរស់នៅភូមិ ឃុំ ខាងលើរួមមាន៖ថវិកា៦៥០.០០០រៀល អង្ករ១០៥គីឡូក្រាម មី៥កេស សារ៉ុង ខោអាវ ឃីតនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
លោកសោម វឺនបានបន្តទៀតថា៖កន្លងមកអាជ្ញាធរមូលដ្ឋាន និងស្ថាប័នក្នុងស្រុកក៏បានជួយឧបត្ថម្ភដល់ស្ត្រីនេះផងដែរ៕