កំពង់ចាម ៖ នារសៀលថ្ងៃទី២០ខែមិនា ឆ្នាំ២០១៦ នៅស្នាក់ការបក្សស្រុកកោះសូទិនបានរៀបចំពិធីប្រកាសនិងទទួលស្គាល់សមាសភាព ក្រុមការងារយុវជនស្រុក យុវជនភូមិ ឃុំ អនុវិទ្យាល័យ វិទ្យាល័យ និង អង្គភាពនគរបាលស្រុកកោះសូទិន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមកាងារថ្នាក់កណ្ដាល ចុះជួយខេត្តកំពង់ចាម និងត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន។
ពិធី នេះ ដែរក៏ មានការ ចូលរួមមកពី ក្រុមការងារ បក្ស ស្រុក សកម្មជនយុវជន ឃុំទាំង៨ សាខាបក្សភូមិ និងយុវជនទាំង៨៥ ភូមិ រួមទាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ កងកម្លាំង ទាំង៣ និងថ្នាក់ដឹកនាំបក្ស ជាច្រើនផងដែរ ។
ក្រោយពីបានស្ដាប់របាយការណ៍របស់ លោក ផេន សុផល ប្រធាន គណៈកម្មាធិការបក្សស្រុក លើការគ្រប់គ្រង កាងារយុវជន បក្ស ឃុំ ភូមិ សកម្មភាព ចលនានៅក្នុងមូលដ្ឋាន កិច្ចអភិវឌ្ឍន៍ របស់ក្រុមការងារបក្ស គ្រប់លំដាប់ថ្នាក់ និងបញ្ហប្រឈមមួយចំនួន ជម្រាបជូន គណៈអធិបតីនាឱកាសនោះរួចមក ។
ថ្លែងក្នុងឱកាស ប្រជុំ នាពេលនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមកាងារថ្នាក់កណ្ដាល ចុះជួយខេត្តកំពង់ចាម និងត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន បានមានមតិ និងជំរាបជូន សមាជិកបក្សប្រជាជនកម្ពុជានៅមូលដ្ឋានថា គ្មានគណបក្សណាដែលដឹងសុខទុក្ខប្រជាកសិករជាងគណបក្សប្រជាជនកម្ពុជា នោះទេ ព្រោះថ្នាក់នាំកំពូលរួមមានសម្តេចតេជោ ហ៊ុន សែន ក៏បានកើតចេញពីត្រកូលកសិករដូចគ្នាដែរ ហើយគោលនយោបាយដឹកនាំ និងធនធានថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា ល្អជាងលើសមេបក្សដ៏ទៃដាច់ឆ្ងាយគ្រប់យ៉ាង មានសមត្ថភាពគ្រប់គ្រាន់ ហើយមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន ។
ដោយសារតែមានមេដឹកនាំដូចសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ នោះគណបក្សប្រជាជនកម្ពុជានឹងត្រូវបានបន្តឈ្នះឆ្នោត ពេលបោះឆ្នោតឃុំ-សង្កាត់នៅ២០១៧ និងបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ដើម្បីដឹកនាំប្រទេសបន្តការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនថែមទៀត ដូច្នេះក្រុមការងាររម្នាក់ៗត្រូវបង្កើនសកម្មភាព ចុះជួយ ប្រជាពលរដ្ឋកាន់តែខ្លាំងជាងមុន។
ឯកឧត្តម ក៏បានជម្រាបជូនដល់សមាជិកបក្ស ដែលបានចូលរួម ទាំងអស់ មកពី ភូមិនានា ឃុំ ក្នុងស្រុកបានជ្រាប ក្នុងពិធីសំណេះសំណាលនេះថា ពីប្រវត្តិគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានខិតខំតស៊ូរំដោះជាតិមាតុភូមិ ចេញផុតពីសម័យដ៏ខ្មៅងងឹតសម្លាប់ជាតិឯងស្ទើរតែផុតពូជទៅហើយនោះ និងប្រឹងប្រែងកសាង និងការពារប្រទេសជាតិមិនឲ្យធ្លាក់ក្នុងរណ្តៅបនប្រល័យពូជសាស្ត្រ ប៉ុល ពត ម្តងទៀត ដោយដៃម្ខាង ខិតខំកសាងនិងដៃម្ខាងទៀតខិតខំការពារ តាំងពីឆ្នាំ១៩៧៩ បាតដៃទទេ រហូតបានកសាងមានសមិទ្ធផលជាច្រើននិងភាពរីកចម្រើនដល់សព្វថ្ងៃពិតៗ ដោយមិនអាចប្រកែកបានឡើយ។
ឯកឧត្តម បានជម្រាបដល់សមាជិកបក្ស ទាំងអស់ថា ៖ «គណបក្ស ប្រជាជន តែងប្រកាន់ខ្ជាប់នូវ គោលការណ៍ចំបង គឺធ្វើអ្វីៗដើម្បីបម្រើផលប្រយោជន៍និងយកប្រជាជនជាធំ និងដើម្បីប្រទេសជាតិយើង»។ គណបក្សប្រជាជនកម្ពុជា មានមហិច្ឆតាក្នុងការកសាងប្រទេសជាតិយើង ឲ្យរីកច្រើន និងរុងរឿងដើម្បីឲ្យកូនចៅជំនាន់ក្រោយរបស់យើង បានរស់នៅ ក្នុងសុខសន្តិភាពបានយូរអង្វែង ជាពិសេសដើម្បី ធ្វើឲ្យប្រទេសជាតិ យើងអាចធ្វើម្ចាស់ជោគវាសនា របស់ជាតិយើង ដោយខ្លួនឯង ឯករាជ្យ ឯកភាពជាតិតែមួយ ប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។
ឯកឧត្តមបានស្នើដល់មន្ត្រីគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ទាំងអស់ ឱ្យបន្តខិតខំធ្វើអំពើល្អ និងចេះកែលំអរនូវចំណុចខ្វះខាត និងភាពអសកម្មទាំងឡាយកន្លងមក ហើយទុកផលប្រជាយោជន៍ប្រជាពលរដ្ឋជាធំ ដើម្បីបន្តទាក់ទាញនូវ ការគាំទ្រពីសំណាក់ប្រជាជន។ ជាមួយគ្នានេះ ត្រូវយើងបន្តខិតខំបម្រើនិងផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនដល់ ប្រជាជនឱ្យបានល្អ។
ឯកឧត្តមបានលើកឡើង និងធ្វើការវាយបកទៅលើបក្សប្រឆាំងវិញផងដែរ ដែលតែងតែដើរឃោសនាតាមមូលដ្ឋាន វាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ដោយគ្មានមូលដ្ឋាន ខណៈគណបក្សខ្លួនបាននិងកំពុងដើរនិយាយភូតកុហក់ ប្រជាពលរដ្ឋយើងរាល់ថ្ងៃ ដោយបក្សប្រឆាំងនោះមិនដែលបានកសាងសមិទ្ធិផលនិងធ្វើអ្វីសោះជូន ប្រជាពលរដ្ឋយើងទេ បានត្រឹមតែសន្យាខ្យល់ប៉ុណ្ណោះ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ដាច់ខាតគណបក្សប្រជាជនកម្ពុជា និងដណ្តើមជ័យជម្នះការបោះឆ្នោតឃុំសង្កាត់២០១៧ និងបោះឆ្នោត សកលឆ្នាំ២០១៨ បន្តដឹកនាំប្រទេសជាតិនៅអាណត្តិជាបន្តបន្ទាប់ទៀត ខណៈដែលគណបក្សប្រឆាំង កំពុងបែកបាក់ផ្ទៃក្នុង និងមានកំពុងមានរឿងអាស្រូវច្រើន ភូតកុហក់ប្រជាពលរដ្ឋយើងកន្លងមក និងបានលើកឡើងពីសភាពការជាតិ និងអន្តរជាតិមកជម្រាបជូនសមាជិកបក្សថា ប្រទេសកម្ពុជាកំពុងបោះជំហ៊ានទៅមុខ ដោយប្រទេសធំៗ បានទទួលស្គាល់និងទុកចិត្តពីសុវត្តិភាពល្អ ដោយមានថ្នាំក់ដឹកនាំប្រទេសធំៗទាំងនោះបានមកទស្សនកិច្ច និងស្នាក់នៅដោយសុវត្តិភាព។
ដើម្បីលើកទឹកចិត្តដល់ក្រុមការងារបក្សសកម្មជនយុវជនបក្សឯកឧត្តមបណ្ឌិតបានរៀបចំអាហារសាមគ្គីជូនដល់សមាជិកសមាជិកាដែលបានចូលរួមផងដែរ៕
អត្ថបទដោយ៖ លោក សីហា