កំពង់ចាម៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមយុវជនជាង៤០០នាក់ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានប្រកាសបញ្ចូល ជាសមាជិករបស់គណបក្ស ប្រជាជនកម្ពុជា ក្រោមវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម និងត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន និងឯកឧត្តម លូ គឹមឈុន ប្រធានក្រុមការងារ ចុះជួយស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ពិធី នេះ ដែរក៏ មានការ ចូលរួមមកពី ក្រុមការងារ បក្ស ស្រុក សកម្មជនយុវជន ឃុំ សាខាបក្សភូមិ និងយុវជន ភូមិ រួមទាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ កងកម្លាំង ទាំង៣ និងថ្នាក់ដឹកនាំបក្ស ជាច្រើនផងដែរ សរុបប្រមាណ៤៤២នាក់ ។
ក្រោយពីបានស្ដាប់របាយការណ៍របស់ លោក ហេង វណ្ណី ប្រធាន គណៈកម្មាធិការបក្សស្រុក លើការគ្រប់គ្រង កាងារយុវជន បក្ស ឃុំ ភូមិ សកម្មភាព ចលនានៅក្នុងមូលដ្ឋាន កិច្ចអភិវឌ្ឍន៍ របស់ក្រុមការងារបក្ស គ្រប់លំដាប់ថ្នាក់ និងបញ្ហប្រឈមមួយចំនួន ជម្រាបជូន គណៈអធិបតីនាឱកាសនោះរួចមក ។
នៅចំពោះមុខក្រុមយុវជនថ្មី ដែលទើបប្រកាសទទួលស្គាល់នៅពេលនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជន គឺជាគណបក្សធំជាងគេ ជាគណបក្សដែលដឹកនាំប្រទេស ធ្វើសកម្មភាពច្រើនជាងគេ ក្នុងការរំដោះប្រទេសជាតិនិងកសាងប្រទេស តាំងពីបាតដៃទទេរ មិនដូចគណបក្សខ្លះទើបតែជិះយន្តហោះ មកធ្វើសកម្មភាពនៅក្នុងឆ្នាំ១៩៩៨នោះទេ។
គណបក្សប្រជាជន បានប្រែក្លាយប្រទេសមួយដែលមានសង្គ្រាមហែកហួរគ្នា តាំងពី៥០០ឆ្នាំមក ជាប្រទេសដែលគេទទួលស្គាល់ នៅលើពិភពលោក ហើយគណបក្សប្រជាជន បានឈ្នះ និងនៅតែបន្តឈ្នះ យើងឈ្នះគ្រប់ឧបសគ្គទាំងអស់ឈ្នះការដណ្តើមពី អាណានិគម ឈ្នះក្នុងការរំដោះប្រទេសពីរបប ប៉ុល ពត ឈ្នះនៅក្នុងការថែរក្សាសន្តិភាព និងបង្រួបបង្រួមជាតិ។
ឯកឧត្តមបានបន្តទៀតថា បទពិសោធន៍ និងភាពចាស់ទុំខាងនយោបាយ គឺមានសារៈសំខាន់ណាស់។ គោលនយោបាយរបស់ គណបក្ស គឺបង្កឱកាសឱ្យយុវជនរស់រានមានជីវិត ឱកាសអភិវឌ្ឍខ្លួន ឱកាសសិក្សារៀនសូត្រ និងឱកាសការងារនេះហើយគឺជាផល ប្រយោជន៍ដែលយុវជនទទួលបាន គេព្រួតវ៉ៃយើង និងមានបរទេសជួយនៅពីក្រោយ ប៉ុន្តែយើងនៅតែឈ្នះនេះជាមោទនភាព របស់យើង យើងទទួលស្គាល់ថា យើងមានចំណុចខ្សោយប៉ុន្តែគណបក្សប្រជាជន ជាជម្រើសល្អជាងគេ។
មូលហេតុដែលនាំគណបក្សប្រជាជនកម្ពុជាល្អជាងគេរួមមាន៖ ទី១-យើងរស់ដោយសារថ្ងៃរំដោះ៧មករា ទី២ -មានគោលការណ៍ ច្បាស់លាស់ មិនដែលដើរសន្យាចោលដូចគណបក្សដទៃ ទី៣-ផ្តល់ឱកាសឱ្យយុវជន ទី៤-មានស្នាដៃច្រើន និងមានធនធានច្រើន ទី៥-ប្រធានគណបក្សមានភាពក្លាហាន និងទទួលខុសត្រូវ មិនដែលរត់ចោលប្រជាជនមិនដូចមេបក្សមួយ មិនមានការទទួលខុសត្រូវ សូម្បីតែការទទួលខុសត្រូវចំពោះគ្រួសារ សីលធម៌ និងគុណធម៌ និងទី៦-ខិតខំកែលម្អនិងដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ។
ឯកឧត្តមបានបញ្ជាក់ថា «យើងបង្កឱកាសឱ្យគណបក្សប្រឆាំងចូលរួម សកម្មភាពលើកស្ទួយវប្បធម៌ជាតិ និងរួបរួមគ្នាក្នុងនាមជាខ្មែរ សម្តេចតេជោ បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីធ្វើកំណែទម្រង់និងបានប្រើប្រាស់ហ្វេសប៊ុក ដើម្បីដោះស្រាយតម្រូវការជូន ប្រជាពលរដ្ឋយុវជនបក្ស ត្រូវសម្រួចឆន្ទៈរបស់យើង ហ៊ានចេញមុខធ្វើសកម្មភាព ធ្វើអំពើល្អជួយដល់គណបក្ស និងបម្រើប្រជាជន គាំទ្រគណបក្ស»៕
អត្ថបទដោយ៖លោកសីហា