ភ្នំពេញ ៖ នៅក្នុងអាណត្តិទី២ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ កាយរឹទ្ធិជាតិកម្ពុជា បានបំពេញ កិច្ចការសំខាន់ៗគួរឱ្យកត់សម្គាល់ នៅក្នុងសកម្មភាពជួយដល់សង្គម ជាច្រើន។
នៅក្នុងពិធីបើកមហាសន្និបាត សាមញ្ញកាយរឹទ្ធិជាតិកម្ពុជាលើកទី៣ នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣មីនានេះ ឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា៖ រយៈពេលកន្លងមក កាយរឹទ្ធិជាតិកម្ពុជា នៅតាមបណ្ដាខេត្ត ក្រុង នានា បានចូលរួម យ៉ាងសកម្ម ជាមួយអាជ្ញាធរមូលដ្ឋាន និងកាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់ ក្នុងការជួយសម្រួលចរាចរណ៍ ជួយច្រូតស្រូវ និងសកម្មភាពបរិស្ថានបោសសំអាត សាលារៀនរងការលិចទឹក ជួសជុលលំនៅដ្ឋានប្រជាជន និងរួមចំណែក ជួយចែកស្បៀង និងសំភារៈ ចាំបាច់នានាជូនដល់ប្រជាជនរងគ្រោះ ដោយសារទឹកជំនន់ បានទាន់ពេលវេលា។
ដោយអនុឡោមតាមផែនការយុទ្ធសាស្ត្រឆ្នាំ២០១០–២០២០ របស់កាយរឹទ្ធិពិភពលោក កាយរឹទ្ធិជាតិកម្ពុជា បានជំរុញយ៉ាងខ្លាំងក្លាក្នុងការពង្រឹង និង ពង្រីក កម្លាំងកាយរឹទ្ធិប្អូន កាយរឹទ្ធិ និងកាយរឹទ្ធិរៀមច្បង នៅតាមគ្រឹះស្ថានសិក្សានានាទូទាំងប្រទេស ដើម្បីឱ្យយុវជន កម្ពុជា ទទួលស្គាល់ថា ការអប់រំ បណ្ដុះបណ្ដាល តាមរយៈចលនាកាយរឹទ្ធិនេះ គឺពិតជាមាន សារៈប្រយោជន៍ និងភាពចាំបាច់។
ឯកឧត្ដមបន្តថា ការអប់រំបែបនេះ ពិតជាផ្ដល់នូវសក្ដានុពល យ៉ាងពេញលេញ ទាំងផ្លូវ កាយ ផ្លូវចិត្ត ផ្លូវបញ្ញា ស្មារតី ដល់យុវជនក្នុងការកសាងខ្លួនឱ្យមានលំនឹង នៅក្នុងជីវិត និងស្មារតី ទទួលខុសត្រូវខ្ពស់ចំពោះ ទង្វើ របស់ខ្លួនជាពិសេសការអភិវឌ្ឍខ្លួនឱ្យប្រកបទៅ ដោយឆន្ទៈ និងមនសិការវិជ្ជាជីវៈជាមួយនឹងចំណេះដឹង ចំណេះធ្វើ ជំនាញ និមិត្តកម្ម ដែលជា កត្តាដ៏សំខាន់សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនាពេលបច្ចុប្បន្ន និងទៅ អនាគត។
សូមបញ្ជាក់ថា មហាសន្និបាតសាមញ្ញកាយរឹទ្ធិជាតិកម្ពុជាលើកទី៣នេះ មានការចូល រួមពីសមាជិកក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នងការដ្ឋាន និងលេខាធិការដ្ឋានទាំង២៥ រាជធានី ខេត្ត មេកងឯកភាពនៃសាកលវិទ្យាល័យ វិទ្យាល័យ និងអនុវិទ្យាល័យ នានា នៅរាជធានីភ្នំពេញ តំណាងកាយរឹទ្ធិប្អូន កាយរឹទ្ធិ និងកាយ រឹទ្ធិរៀមច្បង និងភ្ញៀវកិត្តិយសតំណាងក្រសួងនានា បានចូលរួម សរុបប្រមាណ៥០០នាក់ ហើយអង្គមហាសន្និបាតនេះនឹងដំណើរការរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ខែមីនា៕