ភ្នំពេញ៖ "ធនធានដីធ្លីដ៏មានជីជាតិរបស់ប្រទេស កម្ពុជា គឺមានច្រើនណាស់ ដូច្នេះក្រសួងបរិស្ថាននឹងព្យាយាម ធ្វើយ៉ាងណាជំរុញបង្កើននូវដំណាំកសិឧស្សាហកម្មឱ្យកាន់តែច្រើន ដើម្បី ជួយពង្រីកជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង និងចូលរួមកាត់បន្ថយការនាំចូលផលិតផលពីបរទេស"។នេះជាប្រសាសន៍របស់ រដ្ឋមន្ត្រីបរិស្ថានវ័យក្មេង ឯកឧត្តម សាយ សំអាល់ក្នុងពិធីសំណេះសំណាល ជាមួយយបុគ្គលិក សាស្ត្រចារ្យ សិស្ស និស្សិតនិងប្រកាស ទទួលស្គាល់ សមាជិក សមាជិកាវិទ្យាស្ថាន អភិវឌ្ឍន៍និស្សិត ជាសាខាសហភាពសហព័ន្ធ យុវជនកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នេះ ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការអភិវឌ្ឍន៍លើវិស័យកសិឧស្សាហកម្ម ជាការរក្សានូវសន្តិសុខស្បៀងនៅកម្ពុជា និងជាការចូលរួមថែរក្សាបរិស្ថានធម្មជាតិបៃតងផងដែរ។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកក្រុមហ៊ុនចំនួន៧៣ ដែលកន្លងមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន នៅពេលនេះ បានផ្ទេរទៅឲ្យស្ថិតក្នុងការ គ្រប់គ្រងរបស់ក្រសួងកសិកម្មវិញ។ក្រសួងបរិស្ថាន ក៏បានធ្វើការចុះបញ្ជីឧទ្យានជាតិឡើងវិញ ដែលកន្លងមកស្ថិតក្នុងការគ្រប់គ្រងរបស់ ក្រសួងកសិកម្មដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង ឧទ្យាជាតិ និងដែនជម្រក សត្វព្រៃផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានណែនាំប្អូនៗសិស្ស-និស្សិត ឱ្យខិតខំរៀនដើម្បីយក ចំណេះជំនាញទៅជួយសង្គមជាតិ។ ជោគជ័យនៅក្នុងសាលាជា ជោគជ័យ ៥០% នៃជីវិត ដែល ៥០% ទៀតគឺប្អូនៗនឹងទទួលបាន ពីការងារជាក់ស្តែងនៅក្នុងសង្គម៕