សមាជិក យុវជន​ថ្មី​ចំនួន​២៥០​នាក់ ត្រូវបាន​ប្រកាស​បញ្ចូល​ជា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​

09-April-2016 | ដោយ មែន កំសត់


​ប៉ៃលិន ៖ ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​ពិធី​អបអរសាទរ ប្រកាស​បញ្ចូល​ជា​សមាជិក សមាជិកា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ចំនួន​២៥០​នាក់ ក្នុងភូមិ​ចំនួន​១៤ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព លោកជំទាវ បាន ស្រីមុំ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន និង​ជា​សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​។​

 អង្គពិធី​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​សង្កាត់ គណៈកម្មាធិការ​គណបក្ស​សង្កាត់ សាខា​បក្ស​ភូមិ និង​សកម្មជន​យុវជន សរុប​ចំនួន ៣០៥​នាក់ ។​
 

លោកជំទាវបាន ស្រីមុំ បានពាំ​នាំ​បណ្តាំ​ផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ប៉ៃលិន ដោយ​ឯកឧត្តម​មានការ​នឹករលឹក​ចំពោះ​សមាជិក សមាជិការ​គណបក្ស​ទាំងអស់ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ឯកឧត្តម សូម​ជូនពរ​ឲ្យ​សមាជិក សមាជិកា​គណបក្ស​ទាំងអស់​មាន​សុខ​ភាពល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ដែល​គណបក្ស​ប្រគល់ជូន ។ លោកជំទាវ បានផ្តល់​មតិ និង​ផ្តាំផ្ញើ ដល់​សមាជិក សមាជិកា​យុវជន ដែល​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នាពេលនេះ ក្នុងនាម​យើងទាំងអស់គ្នា ជា​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​ប្អូនៗ​ជា​សកម្មជន​យុវជន​របស់​គណបក្ស​ចាស់ និង​ថ្មី ត្រូវ​ចេះ​រួបរួមសាមគ្គី​គ្នា​ជា​មហា​គ្រួសារ​គណបក្ស​ប្រជាជន​តែមួយ ត្រូវគោរព និង​អនុវត្ត​នូវ​លក្ខន្តិក បទបញ្ជាផ្ទៃក្នុង គោលការណ៍ គោលនយោបាយ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ធ្វើ​សកម្មភាព​ពន្យល់ ផ្សព្វផ្សាយ អូសទាញ​យុវជន យុវនារី ផ្សេងទៀត ឲ្យ​បាន​យល់ដឹង ពី​គុណបំណាច់​ដ៏​ធំធេង ក្នុងការ​រក្សាសុខ​សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​ខេត្ត​ប៉ៃលិន គឺ​ដោយមាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដែល​ប្រសូត្រ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្រួបបង្រួម​ជាតិខ្មែរ​តែមួយ តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព សេរីភាព និង​មានការ​អភិវឌ្ឍន៍​យ៉ាងច្រើន​មកដល់​បច្ចុប្បន្ន ។​បំផុស​ដល់​យុវជន​ដ៏ទៃទៀត ឲ្យ​ចូលរួម និង​គាំទ្រ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជៀសវាង​កុំ​ពួកគាត់​ចាញ់​ឧបាយកល​បោកប្រាស់ និង​ការសន្យា​ខ្យល់​របស់​ជន​អគតិ​មួយចំនួន លោកជំទាវ​បាន​អំ​ពាេវ​នាវ​ដល់​យុវជន សមាជិក សមាជិកា និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ឲ្យ​ចូលរួម​សកម្មភាព​មនុស្សធម៌ និង​បម្រើសេវា​សា​ធា​រៈ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​ដោយស្មោះ​ត្រង់ និង​ឥត​លក្ខ​ខ័​ណ្ឌ ។

ហើយ​យើង​ជា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ធ្វើជា​យុវជន​គំរូ​ល្អ ដោយមាន​ឥរិយាបទ​ល្អ មាន​សេចក្តីថ្លៃថ្នូរ និង​ជា​ទំពាំង​ស្នង​ឫស្សី​របស់​សង្គមជាតិ​យើង ដោយ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​កិច្ចការងារ​សង្គម ដើម្បី​លើកស្ទួយ​កិត្យានុភាព​ជាតិ ជៀស​ឲ្យ​ផុតពី​គ្រឿងញៀន និង​អំពើ​ឧបាយ​មុខ​ផ្សេងៗ ព្រមទាំង​គោរព​ប្រតិបត្តិ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ផងដែរ ។

​ក្នុងឱកាស​នេះ​ដែល ឯកឧត្តម អ៊ី ឈាន បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា ២​លាន​រៀល ដល់​គណបក្ស​សង្កាត់​សម្រាប់​អាហារ​សាមគ្គី ឧបត្ថម្ភ​ដល់​សាខា​បក្ស​ភូមិ​ទូទាំង​ខេត្ត​ចំនួន​៧៩​ភូមិ ក្នុង​មួយ​ភូមិៗ​១០​ម៉ឺន​រៀល និង​ឧបត្ថម្ភ​ដល់​សមាជិក សមាជិកា​ចំនួន​២៥០​នាក់ ម្នាក់ៗ​២​ម៉ឺន​រៀល ផងដែរ ៕

ចំនួនអ្នកទស្សនា

    19577307

  • ថ្ងៃនេះ2881
  • ម្សិលមិញ4561
  • សប្តាហ៍នេះ20481
  • ខែនេះ13601
  • ឆ្នាំនេះ349861
  • សរុប19577307