សៀមរាប៖ នា រសៀលថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០១៦ ឯកឧត្តម ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាតំណាងអោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោក សត ឌីណា ស្នងការនគរបាល ខេត្តសៀមរាប បានជួបសំណេះសំណាល សួរសុខទុក្ខ និងថ្លែងអំណរគុណដល់កងកម្លាំងនគរបាលទូទាំងខេត្តសៀមរាប ដែលចូលរួមជូយរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ សុវត្ថិភាព និងថែរក្សារបៀបរៀបរយ ជូនដល់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋយើង និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានអញ្ជើញចូលរួមអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំវកអដ្ឋស័ក ព.ស២៥៦០ និងមហាព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដែលប្រព្រឹត្តទៅអស់រយៈពេល ៧ថ្ងៃកន្លងមក។
នៅក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាស្នងការរងនាយនាយរងការិយាល័យនិងមន្ត្រីនគរបាលជាច្រើនរួបផងដែរ បើតាមប្រសាសន៍ របស់ លោកឧត្តមសេនីយ៍ទោ សត ឌីណា ស្នងការនគរបាលខេត្តសៀមរាប បានធ្វើការបង្ហាញអំពីបញ្ហាសន្តិសុខ សុវត្ថិភាព ការរៀបចំសម្រួលចរាចរណ៍ នៅក្នុងពិធីបុណ្យនេះ គឺមានលក្ខណៈល្អប្រសើរ ដោយគ្មានបញ្ហាមិនប្រក្រតីណាមួយកើតឡើងឡើយ ដែលទាំងនេះជាការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលយើង។ ជាងនេះទៅទៀត លោកស្នងការ បានបញ្ជាក់ដែរថា ចំពោះបញ្ហាបទល្មើស នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺមានកម្រិតទាបបំផុត បើប្រៀបធៀបទៅឆ្នាំមុន ហើយកងកម្លាំងបានធ្វើការបង្ក្រាបបានភ្លាមៗផងដែរ។
នាឱកាស នោះ ឯកឧត្តម ស សុខា ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាម ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលទាំងអស់ ដែលបានចំណាយនូវពេលវេលាដ៏មានតំលៃមិនបានទៅចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជួបជុំជាមួយក្រុមគ្រួសារ ហើយយកពេលវេលានេះ មកការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព និងជួយសម្រួលចរាចរណ៍ ក្នុងមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត របស់យើង អោយមានដំណើរការប្រព្រឹត្តទៅយ៉ាងរលូន ។ នៅក្នុងពិធីសំណេះសំណាលនេះផងដែរ ឯកឧត្តម ស សុខា ក៏បានឧបត្ថម្ភជាថវិកាមួយចំនួនជូនដល់កងកម្លាំងនគរបាលទាំងអស់ ដែលបានឈរជើងតាមគោលដៅនីមួយៗ ដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់បំផុត៕