នគរបាល​ខណ្ឌ​៧​មករា ចេញ​បង្កាន់ដៃ​ផាកពិន័យមិន​ប្រក្រតី​

19-April-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ នគរបាល​ចរាចរណ៍​អាច​នឹង​បណ្ដេញ​ចេញពី​ជួរ​កងកម្លាំង​នគរបាល​ប្រសិនបើ នគរបាល​ចរាច​ណ៍​នោះ​ប្រើ​អំណាច​របស់ខ្លួន ហៅ​អ្នកធ្វើដំណើរ​ខុសច្បាប់​មក​គំរាម​ទា​ប្រាក់​ក្រៅ​កម្រៃ​សេវា​ខុសច្បាប់ និង​មិន​ចេញ​វិក្ក​យ​ប័ត្រ​ផាកពិន័យ​ទៅ​ឲ្យ​អ្នកដំណើរ​ខុសច្បាប់​ទាំងនោះ​។ នេះ​ជាការ​លើកឡើង​ដោយ​គំរាម​ទៅកាន់​នគរបាល​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោកស្នងការ​មានប្រសាសន៍​បែបនេះ​នៅក្នុង​ឱកាស​បូកសរុប​ការងារ​ថែរក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​រយៈពេល​៤​ថ្ងៃ​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ បើទោះជា​កិច្ចប្រជុំ​ត្រូវបាន​លើកឡើង​ដោយ​លោកស្នងការ​បែបនេះ​ក៏ដោយ មិនទាន់​រំលង​បាន​មួយថ្ងៃ​ផង សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌ​៧​មករា និង​នគរបាល​ផ្នែក​អន្តរាគមន៍ នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី ដែល​ឈរជើង​បំពេញការងារ​របស់ខ្លួន​លើ​កំណាត់​ផ្លូវ​លេខ​២១៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បាន​បំពាន​ទៅនឹង​គោលការណ៍​ខាងលើនេះ ខណៈ​ផាកពិន័យ​អ្នកបើកបរ​ខុសច្បាប់​និង​មិន​ព្រម​ចេញ​វិក្ក​យ​ប័ត្រ ដល់ពេល​ចេញ​ឲ្យ​វិញ ធ្វើឡើង​ដោយ​កំហឹង​ក្រេវក្រោធ មិនដឹង​ជា​រើស​វិក្ក​យ​ប័ត្រ​ឬ​បង្កាន់ដៃ​នេះ​យកមក​ពី​ក្រហែង​មេឃ​ណា​ទេ មាន​ដាក់​តម្លៃ​ប្រាក់​ស្រាប់ កាលបរិច្ឆេទ​ស្រាប់ ខុសពី​ប្រក្រតី​។​

​អ្នកបើកបរ​ម្នាក់​បាន​អះអាងថា កាលពី​យប់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ ខ្លួន​បាន​បើកបរ​ខុសច្បាប់​ចរាចរណ៍ ខណៈ​ភ្លេច​ពាក់​ខ្សែក្រវ៉ាត់ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌ​៧​មករា តម្រូវ​ឲ្យ​បង់ប្រាក់​ផាកពិន័យ​ចំនួន ៦​ដុល្លារ ពេលនោះ​គាត់​ក៏​សំណូមពរ​ឲ្យ​ខាង​សមត្ថកិច្ច​ចេញ​បង្កាន់ដៃ​បង់ប្រាក់ ដើម្បី​យកទៅ​បង់​នៅ​មូលដ្ឋាន ឬ​បង់​ផ្ទាល់​កន្លែង​សមត្ថកិច្ច​កំពុង​បំពេញការងារ ប៉ុន្តែ​ពួកគាត់​រារែក​មិន​ចង់​ចេញ​បង្កាន់ដៃ និង​បង្កើត​ទៅជា​កំហឹង​មិន​សប្បាយចិត្ត លើក​ជា​បញ្ហា​ដាក់បន្ទុក​បន្ថែម​មកលើ​ខ្លួន​ជា​អ្នកបើកបរ​។ ក្នុងនោះ​សមត្ថកិច្ច​មិន​ត្រឹម​ចោទប្រកាន់​និង​កំហុស ភ្លេច​ពាក់​ខ្សែក្រវ៉ាត់​នោះទេ គាត់​មាន​វិធីសាស្ត្រ​បន្តទៀត​គឺ​សួរនាំ​រក​ឯកសារ​ពាក់​ព័ន្ធ​និង​យានយន្ត​គឺ​រក​ប័ណ្ណបើកបរ ប័ណ្ណ​សម្គាល់​យានយន្ត អត្តសញ្ញាណប័ណ្ណ​ច្បាប់ដើម ថែមទៀត​។

​អ្នកបើកបរ​បានបញ្ជាក់​ថា គាត់​ក៏​បង្ហាញ​ឯកសារ​ទាំងនោះ​ដោយ​ជា​លិខិតស្នាម​ថតចម្លង តាមច្បាប់​ដើម ដែល​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ក៏​សមត្ថកិច្ច​មិន​ព្រម ពួកគាត់​មាន​ជំហរ​ដ៏​តឹងរឹង​សំខាន់​គឺ​យក​ច្បាប់ដើម​ទាំងអស់​ដោយ​គំរាម​ពួកគាត់​ជានា​រីៗ​ផងដែរ​ថា បើ​គ្មាន​ច្បាប់ដើម​និង​អូស​យក​ឡាន​ទៅ​កន្លែង​។ ក្រោយមក​គាត់​ក៏​សម្រេចចិត្ត​បង់ប្រាក់​ចំនួន ២៥,០០០​រៀល និង​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ចេញ​បង្កាន់ដៃ​បង់ប្រាក់ ប៉ុន្តែ​បង្កា​ន់​បង់ប្រាក់​ដែល​ចេញ​ឲ្យ មិនដឹង​ជា​រើសយក​មកពី​កន្លែង​ណា មានការ​សរសេរ​ពី​តម្លៃ បំពេញ​រួចរាល់​ស្រាប់ មាន​ដាក់​កាលបរិច្ឆេទ​ស្រាប់ និង​ចុះ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦ ខុសស្រឡះ​ដែល​ពួកគាត់​ធ្វើការ​ពិន័យ​យប់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦ នោះ​។​

​អ្នកបើកបរ​រួប​នេះ​បាន​លើកឡើងថា អ្វីដែល​ខ្ញុំ​មាន​ចេតនា​ឲ្យ​សមត្ថកិច្ច​ចេញ​បង្កាន់ដៃ​បង់ប្រាក់ មានន័យថា ខ្ញុំ​ដឹង​ពី​កំហុស ហើយក៏​ជា​ពលរដ្ឋ​ម្នាក់​មាន​ឆន្ទៈ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ថ្មី ដើម្បី​សុ​វត្តិភាព​ទាំងអស់គ្នា ផ្ទុយទៅវិញ​សមត្ថកិច្ច​ធ្វើ​កិច្ចការងារ​នេះ របៀប​បន្លំ បើ​គេ​បង់លុយ​ឲ្យ​ទៅ បើ​គេ​សួរនាំ​តាមផ្លូវ​ច្បាប់​កើត​ទៅជា​កំហឹង​និង​បង្កើន​កំហុស​ដាក់បន្ទុក​ធ្វើយ៉ាងណា​ឲ្យ​អ្នកបើកបរ បង្ខំចិត្ត​បង់ប្រាក់​ទាំង​ខុស​ជាមួយ​សមត្ថកិច្ច​ធ្វើការ​ងារ​ខុស​និតិ​វិធី​។ ម្យ៉ាងទៀត​សមត្ថកិច្ច​បានលើកឡើង​ថា បើ​បង់​៦​ដុល្លារ​ភ្លាមៗ គឺ​មិនបាច់​ចេញ​វិកយបត្រ​ឲ្យ​ទេ បើ​ចេញ​វិកយបត្រ ត្រូវ​បង់​ចំនួន​៥​ម៉ឺន​រៀល ព្រោះ​មាន​មនុស្ស​ក្នុង​ឡាន​២​នាក់ អត់​ពាក់​ខ្សែក្រវាត់​ដូចគ្នា ។ ដូច្នេះ ខាង​ខ្ញុំ Discount ៦​ដុល្លារ​ហើយ ចង់បាន​វិកយបត្រ​ធ្វើ​អី ប្រយ័ត្ន​ខាត​លុយ​ច្រើន ។ អ្នកបើកបរ​ឆ្ងល់​ថា សមត្ថកិច្ច​ឥឡូវ​ឆ្លាតៗ​ម្ល៉េះ ចេះ​ស្វែងរក​អតិថិជន ករណី​បើកបរ​ខុសច្បាប់ មាន​បញ្ចុះតម្លៃ និង​បង្កើន​កំហុស ដាក់បន្ទុក​យកលុយ​ច្រើន​វិញ បើ​ហ៊ាន​ហើបមាត់ ទាមទារ​រក​វិកយបត្រ គឺ​ពិន័យ​ឲ្យ​បង់​មួយ​ជា​ពីរ ក្នុងតម្លៃ​ផាកពិន័យ ។ គិត​សព្វៗ​ទៅ រឿង​អនុវត្ត រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក កោត​តែមាន​សមត្ថកិច្ច​ធុន​នេះ ឆ្លៀតឱកាស​យក​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល គាប​យកលុយ​ពី​អ្នកបើកបរ​លក្ខណៈ​ស្រស់ៗ​? នេះ​ចំអ្ន​កយល់​ច្បាប់ ចុះបើ​អ្នកផ្សេង​មិនដឹង ហើយ​ភ័យខ្លាច រួញ​ខ្លួន​នឹង​ច្បាប់​ចរាចរណ៍​ផង មិនដឹង​ជា សមត្ថកិច្ច​គាត់​រកលុយ​តាម​វិធី​នេះ ទៅលើ​ពលរដ្ឋ​ចំនួន​ប៉ុន្មាន​នាក់​ទៅហើយ​ទេ ដូចនេះ សូម​ថ្នាក់លើ មេត្តា​មាន​វិធានការ​តាមដាន ក្នុង​រឿង​មិន​ប្រក្រតី​នេះ​ផង ចៀសវាង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ខុស រាល់​ការ​ជះ​កំហឹង​គ្រប់បែបយ៉ាង​របស់​ប្រជាពលរដ្ឋ គឺ​សំដៅ ឬ​ជា​ព្រួញ​ស៊ី​ប​មក​តែ​ថ្នាក់លើ​ប៉ុណ្ណោះ ។​

​ពាក់ព័ន្ធ​ករណីនេះ​លោក នេ​ត ស៊ីថុន អធិការនគរបាល​ខ​ណ្ឌ​៧​មករា​បាន​ប្រាប់ ឲ្យដឹង តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦​ថាៈ រឿង​ហ្នឹង​ខ្ញុំ​ទទួលស្គាល់ថា មន្ត្រី​គាត់​មាន​កំហុស ត្រង់​សរសេរ​លើ​បង្កាន់ដៃ​បង់ប្រាក់​ខុស​ថ្ងៃខែ តែ​ពួកគាត់​មិនមាន​ចេតនា​ណាមួយ កេង​យកលុយ​ផាកពិន័យ​នោះបានទេ សុ​ទ​តែ​ជាការ​អនុវត្ត​ច្បាប់​។ លោក​បន្តថា ខ្ញុំ​ត្រូវ​ចាត់វិធានការ​ចំពោះ​មន្ត្រី​អនុវត្ត​ការងារ​ខ្លះ​ចន្លោះប្រហោង ឬ​ធ្វេសប្រហែស​។ ដោយឡែក​លោក លីម សុភា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​៧​មករា មានប្រសាសន៍ថា ជាគោលការណ៍​រាល់​ការដាក់​កម្លាំង​តាម​គោលដៅ​ត្រួតពិនិត្យ​រឹតបន្តឹង​ច្បាប់​ចរាចរ ត្រូវមាន​ការចូលរួម​ពី​មន្ត្រី​សាលាខណ្ឌ ក្នុងនោះ​មាន​លោក​អភិបាលរង​មួយរូប​ទទួលបន្ទុក ចុះ​ដោយផ្ទាល់​ធ្វើ​ការងារ​ជាមួយ​នគរបាល​ចរាចរណ៍ កម្លាំង​កងរាជអាវុធហត្ថ​។ ក្នុងករណី​គោលដៅ​ពិនិត្យ​ជាតិ​អាល់កុល​ត្រូវមាន​ខាង​នគរបាល​អន្តរាគមន៍​ក្រុង នគរបាល​ចរាចរ​ក្រុង​និង​នគរបាល​ចរាចរ​ណ៍មូល​ដ្ឋា​ន តែបើ​គេ​អនុវត្ត​ផ្ទុយ​ពីនេះ​អាច​សួរនាំ​ទៅខាង​អធិការ​តើ​មាន​គោលការណ៍​មកពីណា​?

​លោក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ស​ណ្ដា​ប់​ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ មិនអាច​ទាក់ទង​បានទេ​នា​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល​នេះ ប៉ុន្តែ​កន្លងទៅ​លោក​ហាក់​មាន​ជំហរ​ពង្រឹង​លើ​ការអនុវត្ត​ច្បាប់​ចរាចរ​ណ៍ថ្មី តែ​ពុំ​ដឹងថា វិធានការ​មាន​ឬ​មិនមាន​បែបណា​ទេ​ទៅលើ​មន្ត្រីនគរបាល​របស់ខ្លួន​ប្រសិនបើ​អនុវត្ត​ផ្ទុយ​ពី​និតិ​វិធី​របស់​អនុ​ក្រិ​ត្យ​នោះ​? ៕
​ប្រភព​៖​សារព័ត៌មាន ​នគរវត្ត​

ចំនួនអ្នកទស្សនា

    19574697

  • ថ្ងៃនេះ271
  • ម្សិលមិញ4561
  • សប្តាហ៍នេះ17871
  • ខែនេះ10991
  • ឆ្នាំនេះ347251
  • សរុប19574697