ខេត្តព្រៃវែង៖ ឯកឧត្តម ស សុខា បានថ្លែងថា” ឆ្នាំសិក្សា២០១៥-២០១៦នេះ សំរាប់ទូទាំងខេត្តព្រៃវែង សិស្សដែលជាប់និទ្ទេសA ឯកឧត្តមនឹងផ្តល់ជូនរង្វាន់លោកទឹកចិត្តនូវម៉ូតូ ១គ្រឿង ហើយសំរាប់សាលា ក៏ទទួលបានម៉ូតូ ១គ្រឿងដែរ” ។ សួរថា ហេតុអ្វីបានជាលោក ស សុខា ផ្តល់រង្វាន់ម៉ូតូអោយទៅខាងសាលាដែរ ព្រោះលោកគិតថា សាលារៀន មានទាំងនាយក និងលោកគ្រូ អ្នកគ្រូ គឺសុទ្ធតែបានប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីគ្រប់គ្រង និងបង្រៀនសិស្សអោយទទួលបានចំណេះដឹងថ្មីៗ ល្អៗ ត្រៀមប្រលងសញ្ញាបត្រ រួមនឹងការខិតខំប្រឹងប្រែងរបស់សិស្សថែមទៀត ទើបសិស្សនោះប្រលងជាប់បាននិទ្ទេសA ។ ជាងនេះទៅទៀត សំរាប់ខេត្តព្រៃវែងទាំង មូល ឯកឧត្តម ស សុខា នឹងរៀបចំអោយមានការបង្រៀនបំប៉នបន្ថែមនូវមុខវិជ្ជាសំខាន់ៗត្រៀមប្រលងដល់សិស្សថ្នាក់ទី១២ យ៉ាងតិចអោយបាន ៤ខែមុនប្រលង ដើម្បីជាការចូលរួមបង្កើនចំណេះដឹង ចំណេះស្រាវជ្រាវ និងគន្លឹះសំខាន់ៗ ទុកត្រៀមប្រលង។
ឯកឧត្តម ស សុខា បានថ្លែងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម បានដឹកនាំក្រុមលោកគ្រូ អ្នកគ្រូ ក្នុងខេត្តព្រៃវែងចំនួន ២៥០នាក់ ទៅទស្សនកិច្ចកំសាន្តលើទឹកដីខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ។ ជាងនេះទៅទៀត ឯកឧត្តម ស សុខា គ្រោងនឹងរៀបចំកម្មវិធីមួយទៀតសំរាប់លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតំលៃ និងគំនិតប្រាជ្ញារបស់ខ្លួនជួយបំប៉នដល់សិស្សទាំងអស់ ត្រៀមប្រលងសញ្ញាបត្រ គឺនៅក្នុងបំណាច់ឆ្នាំលោក នឹងរៀបចំពិធី ដឹងគុណគ្រូ មួយទៀតសំរាប់ជាការថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ។
ឯកឧត្តម ស សុខា ក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ឯកឧត្តមបានយកចិត្តទុកដាក់ខ្ពស់ ទៅលើវិស័យអប់រំ និងកីឡា នេះណាស់ក្នុងទឹកដីខេត្តព្រៃវែង និងទូទាំងប្រទេស ដែលសមជាថ្នាក់ដឹកនាំយុវជនមួយរូបគួរអោយសរសើរ៕