ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ លោក ប៉ាន់ ខែមប៊ុនថន នាយកប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព (អតីតសម្ព័ន្ធសេនានាគ) បានប្រកាសត្រៀមដឹកនាំបងប្អូនប្រជាពលរដ្ឋ យុវជន និស្សិតចំនួន៥០០០នាក់ ដើម្បីហែញត្តិគាំទ្រ សកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជាពិសេសចំពោះការមានចំណាត់ការទៅលើមន្ត្រី សង្គមស៊ីវិល។
នាយកប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពរូបនោះ បានបញ្ជាក់ថា រូបលោកនឹងដាក់ពាក្យស្នើសុំទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីបានសិទ្ធិការហែញតិ្តគាំទ្រ សកម្មភាពរបស់ ACU។
ការប្រកាសដឹកនាំកម្លាំងមហាជន៥០០០នាក់ របស់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ដែលមានលោក ជុំ កុសល ជាប្រធានកិត្តិយស និងលោក ប៉ាន់ ខែមប៊ុនថន នាយកប្រតិបត្តិ ធ្វើឡើងបន្ទាប់ពីមានតំណាងប្រជាពលរដ្ឋ យុវជន និងស្ត្រីមួយចំនួន បានប្រកាសថា ពួកគេមានគ្នាប្រមាណ២ពាន់នាក់ នឹងដង្ហែញត្តិទៅអង្គភាពប្រឆាំងអំពើពុករលួយ នៅវេលាម៉ោង៩និង០០ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ដើម្បីទាមទារឱ្យអង្គភាពនេះ បញ្ឈប់ការចោទប្រកាន់លើមន្ត្រី សង្គមស៊ីវិល។
គួរបញ្ជាក់ថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ តំណាងប្រជាពលរដ្ឋ យុវជន និងស្ត្រី បានផ្ញើលិខិតមួយច្បាប់ទៅកាន់អភិបាល រាជធានីភ្នំពេញ សុំដង្ហែញត្តិ ទៅជូនអង្គភាពប្រឆាំងអំពើពុករលួយ នៅម៉ោង៩និង០០ព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ដែលមានអ្នកចូលរួម ប្រមាណជា ២ពាន់នាក់៕
ប្រភព៖freshnews