កំពង់ឆ្នាំង ៖ លោក គិត មិនារិទ្ធ ស្នងការរងកាយរឹទ្ធិជាតិកម្ពុជាខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ « កាយរឹទ្ធិមានតួនាទីធ្វើអំពើល្អជួយសង្គមជាតិ និងជួយមូលដ្ឋានរបស់ខ្លួន ចំណែកឯកសណ្ឋានកាយរឹទ្ធិអាចជួយសង្គ្រោះជីវិតមនុស្សបានក្នុងពេល គ្រោះថ្នាក់ » លោកបានថ្លែងបែបនេះនៅក្នុងពិធី សច្ចាប្រណិធាន និងបំពាក់កន្សែង នវ កាយរឹទ្ធិជាតិកម្ពុជាខេត្តកំពង់ឆ្នាំង ចំនួន២១២នាក់ ដែលជាសិស្ស និងលោកគ្រូអ្នកគ្រូ នៅក្នុងសាលាបឋមសិក្សាគីរីសុវណ្ណវង្ស នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ដោយមានមាតាបិតាសិស្ស និងអាជ្ញាធរចូលរួមផងដែរ។
លោក គិត មិនារិទ្ធ បានបន្តថា៖ ឯកសណ្ឋាននវ ដែលអាចជួយសង្គ្រោះជីវិតមនុស្ស បាននោះគឺ៖ ខ្សែក្រវាត់កអាចយកមកចងឃាត់ឈាមនៃមុខរបួស ឬពស់ចឹកបាន កន្សែងអាចយកមកចងទ្រដៃបាក់បាន ឯមួកអាចបោះក្នុងទឹកអណ្ដែតជួយសង្គ្រោះមនុស្សលង់ទឹកបាន អាវអាចធ្វើជាអង្រឹងចងសែងអ្នករបួស និងអាចជួយសង្គ្រោះជនរងគ្រោះបានច្រើនករណីទៀត។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា ៖ កាយរឹទ្ធិមាន៣ថ្នាក់និងមានកន្សែងពណ៌ខុសៗគ្នាជាសំគាល់ គឺកាយរឹទ្ធិប្អូន(វ័យកុមារ) , កាយរីទ្ធិ (វ័យយុវជន) និងកាយរឹទ្ធិរៀមច្បង (ជាអ្នកដឹកនាំ)។ កុមារ យុវជន សិស្ស និស្សិត មន្ត្រីរាជការ អាជ្ញាធរ អាចស្ម័គ្រចិត្តចូលជាសមាជិកក្នុងសមាគមកាយរឹទ្ធិជាតិកម្ពុជាបាន គ្រប់ៗគ្នា ដែលមានសម្ដេច ហ៊ុន សែន ជាគរុគុណប្រធានកាយរឹទ្ធិជាតិកម្ពុជា។ កាយរឹទ្ធិមានតួនាទីធ្វើអំពើល្អ បម្រើសកម្មភាពជួយសង្គមជាតិ ជួយជនរងគ្រោះជាទូទៅ ដោយមានគំរូល្អ គោរពសាសនា ព្រអមហាក្សត្រ គោរពច្បាប់ជាតិ គោរពលក្ខន្តិកៈ និងច្បាប់របស់កាយរីទ្ធិជាតិកម្ពុជា។ ហេតុនេះក្រោយពីប្អូនៗ លោកគ្រូអ្នកគ្រូបានបំពាក់កន្សែងចូលជា នវកាយរឹទ្ធិពេញសិទ្ធក្នុងថ្ងៃនេះហើយ គឺមានតួនាទីដើរល្បាតជាក្រុមជួយជនរងគ្រោះ ជួយការងារសង្គមជាទូទៅ នៅក្នុងមូលដ្ឋានគ្រប់បែបយ៉ាង ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់។
លោក គិត ចន្ទ័សីហា នាយកសាលាបឋមសិក្សាគីរី សុវណ្ណវង្ស បានឲ្យដឹងថា ពិធីបំពាក់កន្សែង នវ កាយរឹទ្ធិក្នុងសាលានៅថ្ងៃនេះសរុបមានចំនួន២១២នាក់គឺ កាយរឹទ្ធិប្អូន ជាសិស្សមានចំនួន១៨១នាក់ និងកាយរីទ្ធិរៀមច្បង ជាលោកគ្រូនិងអ្នកគ្រូមានចំនួន២៩នាក់ ក្នុងនោះក៏មានលោកមេឃុំស្រែថ្មីម្នាក់ និងលោកប្រធានសហគមន៍ម្នាក់ផងដែរ និងដែលចែកចេញជា៥ក្រុមល្បាត ធ្វើសកម្មភាពជួយការងារសង្គមទូទៅនៅក្នុងមូលដ្ឋាន។
ដោយឡែក លោក អ៊ុំ សាខន ប្រធានលេខាធិការដ្ឋានកាយរឹទ្ធិជាតិកម្ពុជាខេត្តកំពង់ឆ្នាំងបានឲ្យ ដឹងថា៖ នៅក្នុងខេត្តកំពង់ឆ្នាំងមានសាលាបឋមសិក្សា និងមធ្យមសិក្សាសរុបមានចំ នួន៣៤៨សាលា ដែលមានសិស្សសរុបចំនួន១០៤.៥៥៣នាក់។ ចំណែកកាយរឹទ្ធិនៅក្នុងខេត្តសរុបមានចំនួន២.២០៤នាក់ ស្រី១.៦២៦នាក់ ស្មើ១៥%២៨ ក្នុងនោះមានកាយរឹទ្ធិប្អូនចំនួន៧៩៤នាក់ ស្រី៣៨១នាក់។ លោកក៏បានសំណូមពរដល់លោគ្រូអ្នកគ្រូគ្រប់សាលាក្នុងខេត្ត ជួយជំរុញឲ្យសិស្សទាំងអស់ស្ម័គ្រចិត្តចូលជាកាយរឹទ្ធិឲ្យបានគ្រប់ៗ គ្នា ដើម្បីធ្វើអំពើល្អជួយសង្គមជាតិយើងទាំងអស់គ្នា ដើម្បីឲ្យមានការរីកចំរើនសំបូរសប្បាយរុងរឿងតទៅអនាគត៕