ស សុខា បន្ត​ប្រកាស​ផ្តល់​ម៉ូតូ ជូន​សិស្ស​ថ្នាក់​ទី​១២ នៅ​ខេត្តបន្ទាយមានជ័យ បើសិន​ប្រឡង​ជាប់​និទ្ទេស​A

15-May-2016 | ដោយ មែន កំសត់


​បន្ទាយមានជ័យ​៖ បន្ទាប់ពី​មាន​គោលការណ៍​សម្រាប់​សិស្ស​ពូកែ នៅ​ទូទាំង​ខេត្តព្រៃវែង​នោះ ឥឡូវនេះ ឯកឧត្តម ស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង បាន​បន្ត​ប្រកាស​ផ្តល់​ម៉ូតូ​ជូន​សិស្ស​ថ្នាក់​ទី​១២ ទាំងឡាយណា​នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ បើសិន​ប្រឡង​ជាប់​បាក់​ឌុប ហើយ​ទទួលបាន​និទ្ទេស​A​។​
​ការ​ថ្លែង​ប្រកាស​បែបនេះ​របស់​ឯកឧត្តម ស សុខា បានធ្វើ​ឡើងខណ​:​ដែល​លោក និង​លោកស្រី បាន​ដឹកនាំ​ក្រុមយុវជន​ទៅ​ចែក​អំណោយ​ជូន​កុមារកំព្រា​១៧១​នាក់ នៅ​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២ ស្ថិតនៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ នា​រសៀល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​
​ឯកឧត្តម ស សុខា បាន​ថ្លែង​បញ្ជាក់ថា «​ដើម្បី​ជំរុញ​ការសិក្សា​របស់​ប្អូនៗ​យុវជន នៅក្នុង​ខេត្តបន្ទាយមានជ័យ ក្រុមការងារ សស​យក ខេត្តព្រៃវែង នឹង​ផ្ដល់​ម៉ូតូ​១​គ្រឿង​ដល់​ប្អូនៗ​ដែល​ជាប់​បាក់​ឌុប​បាន​និទ្ទេស​A​។ កន្លងទៅ​ក្រុមការងារ​ផ្ដល់​ការលើកទឹកចិត្ត​បែបនេះ តែ​ក្នុង​ខេត្តព្រៃវែង​ប៉ុណ្ណោះ​។ យើងខ្ញុំ ក៏​សូម​អធ្យាស្រ័យ​ដល់​ប្អូនៗ​យុវជន​បណ្ដា​ខេត្ត​ផ្សេងៗ​ដែរ ដែល​ពុំ​ផ្ដល់​ការលើកទឹកចិត្ត​អីចឹង ដោយសារ​លទ្ធភាព​មាន​កម្រិត តែ​យើងខ្ញុំ ក៏​ឃើញ​មាន​ក្រុមការងារ​ដ៏ទៃទៀត​អនុវត្ត​ផែនការ​នេះ​ជាច្រើន​ខេត្ត​មក​ដែរ​»​។​
​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​ខេត្តព្រៃវែង រូបនេះ បានលើកឡើង​ទៀតថា «​មិន​សំដៅ​តែ​លើ​ប្អូនៗ​សិស្សានុសិស្ស ដែល​រស់នៅក្នុង​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២ ខេត្តបន្ទាយមានជ័យ នោះទេ ខ្ញុំ​សូម​លើកទឹកចិត្ត​ប្អូនៗ​ទាំងអស់​ឲ្យ​ខិតខំ​ប្រឹងប្រែង​សិក្សា ដោយ​បង្កើតជា​ក្រុមៗ​រៀន​តាម​មុខវិជ្ជា​ដាក់​កាលវិភាគ​ផ្លាស់​វេន​ស្វ័យ​សិក្សា​នៅក្នុង​មណ្ឌល​»​។​

​ជាមួយគ្នានេះ​ឯកឧត្តម ស សុខា បាន​បញ្ជាក់ថា ដោយសារ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ជា​ក្ដី​ព្រួយបារម្ភ សូម​ប្អូនៗ​បង្កើន​ការប្រុងប្រយ័ត្ន ក្នុងការ​ធ្វើដំណើរ​ទៅមក ដោយ​គោរព​ច្បាប់​ចរាចរណ៍ យល់យោគ​អធ្យាស្រ័យ គោរព​គ្នា​ក្នុងពេល​ធ្វើដំណើរ​។ រឿង​មួយទៀត គឺ​បញ្ហា​គ្រឿងញៀន​។ សូមកុំ​ល​លែង​ឲ្យ​សោះ វា​នឹង​ទាញ​ប្អូនៗ ឲ្យ​ខូចអនាគត និង​សង្គម​អាប់អួរ​។​

​ជា​ចុងក្រោយ​លោក បាន​ផ្តាំផ្ញើ​ទៅ ប្អូនៗ កុំ​អស់សង្ឃឹម គឺ​ត្រូវ​បោះជំហាន​ទៅមុខ​បន្តិចទៀត ប្អូន​នឹង​ដល់​គោលដៅ​ហើយ​។ ប្អូន​កុំ​គិតថា យើង​កំព្រា យើង​ក្រ យើង​គ្មាន​បក្ខពួក​ខ្សែស្រឡាយ មិនអាច​ធ្វើការ​ធំដុំ​បាន​ឲ្យ​សោះ រដ្ឋាភិបាល​បាន​កំពុង​ផ្ដល់ឱកាស ដល់​យុវជន​ជំនាន់​ក្រោយ​ច្រើនណាស់ (​ទាំង​ក្របខណ្ឌ​រាជការ និង​មុខងារ​នយោបាយ​) តែ​ប្អូនៗ គប្បី​មាន​សមត្ថភាព មានបទពិសោធន៍ មាន​ទំនាក់ទំនង​ល្អ​នឹង​បុគ្គល​ដ៏​ទៃ ធ្វើ​ឲ្យ​គេ​មាន​ទំនុកចិត្ត​…​នោះ​ឱកាស​ការងារ​តូចធំ​នឹង​ទទួលបាន​។​

​កុមារកំព្រា​ទាំង​១៧១​នាក់ បានទទួល​អំណោយ​រួមមាន មី​១០​កេះ​ធំ ទឹកត្រី ១០​យួរ ទឹកស៊ីអ៊ីវ ១០​យួរ ត្រីខ ១០​កេះ​ធំ ទឹកក្រូច​១០​កេស ទឹក​សុទ្ធ​១០​កេស និង​៣៤​យួរ ទឹកដោះគោ​១០​កេស ថវិកា​១៥០០០ (១​ម៉ឺន​៥​ពាន់​រៀល​) នំ​បុ័ង​ចំនួន​៤០០​ដើម និង សម្ភារ​សិ​ស្សា​មួយចំនួន ហើយ​ឧបត្ថម្ភ បុគ្គលិក ចំនួន​៣១​នាក់​ក្នុង​១​នាក់​ថវិកា ៥ ម៉ឺន​រៀល និង​សារុង​១៕

ចំនួនអ្នកទស្សនា

    19572917

  • ថ្ងៃនេះ3061
  • ម្សិលមិញ3211
  • សប្តាហ៍នេះ16091
  • ខែនេះ9211
  • ឆ្នាំនេះ345471
  • សរុប19572917