ភ្នំពេញ៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាជាង៧០០នាក់ ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ។
ពិធីនេះធ្វើឡើង កាលពីល្ងាចថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៦ ក្រោមវត្តមាន របស់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ លោក កុយ គួង, ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ លោក គឹម សន្តិភាព, ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន លោក ឡាវ វ៉ាន់ ព្រមទាំងអនុប្រធាន ប្រចាំប្រទេស និងប្រចាំតំបន់ជាច្រើនរូបផងដែរ ។
សេចក្តីរាយការណ៍ពីទីក្រុងម៉េលប៊ន បានឲ្យដឹងថា ប្រជាពលរដ្ឋដែលចូលរួមក្នុងការរំលឹកខួបការបង្កើតគណបក្សប្រជាជនកម្ពុជានេះ គឺបានសម្តែង ការគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយសារ បានមើលឃើញពីការពិតនៃការអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរមិនចង់ឲ្យកម្ពុជា ត្រូវបានក្រុមណាមួយ មកបន្ទុចបង្អាក់ដំណើរការរីកចម្រើន តាមរូបភាពការធ្វើបដិវត្តន៍ពណ៌ខ្មៅនោះឡើយ។
គួររំលឹកផងដែរថា ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះ ទោះបីត្រូវឆ្លងកាត់ការលំបាក និងបញ្ហាស្មុគស្មាញជាច្រើន ក្តី ក៏គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅរួមសុខ រួមទុក្ខជាមួយប្រជាជនជានិច្ច និងបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនក្នុងគ្រប់ដំណាក់កាល បានបញ្ចប់សង្គ្រាម ស៊ីវិល ទទួលបានសុខសន្តិភាពពេញលេញចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ ឬយុទ្ធសាស្ត្រឌីហ្វីដ។
កម្ពុជានាពេលបច្ចុប្បន្ននេះទៀត បានប្រែក្លាយ ខ្លួនពីប្រទេសដែលទទួលយកទាហានមួកខៀវរបស់អង្គការសហប្រជាជាតិ មកជាប្រទេសដែលបញ្ជូន កងកម្លាំងរបស់ខ្លួនឱ្យពាក់មួកខៀវទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយ ចំនួនដែលជាចំណុចក្តៅនៅលើសកលលោកវិញ៕