ភ្នំពេញ៖ ឯកឧត្តមហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន បានចូលរួមក្នុងពិធីប្រគល់រង្វាន់ជ័យលាភីយុវជនឆ្នើមជាវាគ្មិន គណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី០៣ ខែកក្កដា ២០១៦នេះ។
ឯកឧត្តម បានមានប្រសាសន៍ថា យុវជនដែលជាវាគ្មិនរបស់បក្សដែលបានមកពីការស្ម័គ្រចិត្តនាពេលនេះ គឺបានបង្ហាញពីភាពក្លាហាន សមត្ថភាពនិងភាពជឿជាក់ក្នុងការបង្ហាញមតិ ឆន្ទៈនិងការប្តេជ្ញាគាំទ្ររបស់ខ្លួនចំពោះគណបក្ស។ហើយវាគ្មិន គឺជាឃោសនិករបស់បក្ស ដូច្នេះយុវជនត្រូវក្តាប់ឱ្យបាននូវព័ត៌មានការវិវត្តន៍របស់សង្គម គោលការណ៍ គោលយោបាយដើម្បីផ្សព្វផ្សាយដល់ប្រជាជនឱ្យគាំទ្រដល់អំពើល្អរបស់ បក្សដែលមានរចនាសម្ព័ន្ធដឹកនាំ និងរបៀបរបបការងារច្បាស់លាល់។
ឯកឧត្តមហ៊ុន ម៉ាណែតបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនមែនល្អឥតខ្ចោះនោះទេ ។ប៉ុន្តែបើប្រៀបធៀបជាមួយគណបក្សដទៃ គណបក្សប្រជាជនមានស្នាដៃ និងគុណសម្បត្តិច្រើនណាស់ គ្មានគណបក្សណាធ្វើច្រើនជាងគណបក្សប្រជាជនទេ។ដោយឯកឧត្តមបាន លើកឡើងថា សុខសន្តិភាព ការរីកចម្រើន និងវាសនារបស់ប្រទេសជាតិ គឺអាស្រ័យលើការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ដែលកន្លងមកមិនដែលរត់ចោលប្រជាជន គឺនៅជាមួយប្រជាជានជានិច្ច។
ជាមួយគ្នានេះឯកឧត្តមហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណក្រុមការងារដែលបានយកចិត្តទុកដាក់រៀបចំការងារ ជ្រើសរើសយុវជនឆ្នើមជាវាគ្មិនគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម ដើម្បីបណ្តុះស្មារតីនិងពង្រឹងសមត្ថភាពរបស់យុវជនដែលជាកម្លាំង ស្នូលរបស់បក្ស៕