ព្រៃវែង៖ លោកម៉ននី បណ្ឌិត អភិបាលស្រុកនិងជាអនុសាខាកាកបាទ្រហមស្រុកស៊ីធរកណ្ដាលបានថ្លែងថា៖ « កាយរឹទ្ធិមានតួនាទីធ្វើអំពើល្អជួយសង្គមជាតិ និងជួយមូលដ្ឋានរបស់ខ្លួន ចំណែកឯកសណ្ឋានកាយរឹទ្ធិអាចជួយសង្គ្រោះជីវិតមនុស្សបានក្នុងពេល គ្រោះថ្នាក់ » លោកបានថ្លែងបែបនេះនៅក្នុងពិធី សច្ចាប្រណិធាន និងបំពាក់កន្សែង កាយរឹទ្ធិជាតិកម្ពុជា វិទ្យាលយ័ព្រៃដើមថ្នឹង ដែលមានយុវជនកាយរឹទ្ឋិថ្មី ចំនួន១៧៥នាក់ដែលជាសិស្ស និងលោកគ្រូអ្នកគ្រូ នៅក្នុងសាលា នៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ២០១៦ នេះ ក្នុងឃុំ ព្រៃដើមថ្នឹង ស៊ីធរកណ្ដាល លោកក៏បានបន្តថ្លែងថា៖ « កាយរឹទ្ធិមានតួនាទីធ្វើអំពើល្អជួយសង្គមជាតិ និងជួយមូលដ្ឋានរបស់ខ្លួន ដោយមានមាតាបិតាសិស្ស និងអាជ្ញាធរចូលរួមផងដែរ។
លោក អភិបាលបានលើកឡើងថា៖ ឯកសណ្ឋានខាងលើ ដែលអាចជួយសង្គ្រោះជីវិតមនុស្ស បាននោះគឺ៖ ខ្សែក្រវាត់កអាចយកមកចងឃាត់ឈាមនៃមុខរបួស ឬពស់ចឹកបាន កន្សែងអាចយកមកចងទ្រដៃបាក់បាន ឯមួកអាចបោះក្នុងទឹកអណ្ដែតជួយសង្គ្រោះមនុស្សលង់ទឹកបាន អាវអាចធ្វើជាអង្រឹងចងសែងអ្នករបួស និងអាចជួយសង្គ្រោះជនរងគ្រោះបានច្រើនករណីទៀត។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា ៖ កាយរឹទ្ធិមាន៣ថ្នាក់និងមានកន្សែងពណ៌ខុសៗគ្នាជាសំគាល់ គឺកាយរឹទ្ធិប្អូន(វ័យកុមារ) , កាយរីទ្ធិ (វ័យយុវជន) និងកាយរឹទ្ធិរៀមច្បង (ជាអ្នកដឹកនាំ)។ កុមារ យុវជន សិស្ស និស្សិត មន្ត្រីរាជការ អាជ្ញាធរ អាចស្ម័គ្រចិត្តចូលជាសមាជិកក្នុងសមាគមកាយរឹទ្ធិជាតិកម្ពុជាបាន គ្រប់ៗគ្នា ដែលមានសម្ដេច ហ៊ុន សែន ជាគរុគុណប្រធានកាយរឹទ្ធិជាតិកម្ពុជា។ កាយរឹទ្ធិមានតួនាទីធ្វើអំពើល្អ បម្រើសកម្មភាពជួយសង្គមជាតិ ជួយជនរងគ្រោះជាទូទៅ ដោយមានគំរូល្អ គោរពសាសនា ព្រអមហាក្សត្រ គោរពច្បាប់ជាតិ គោរពលក្ខន្តិកៈ និងច្បាប់របស់កាយរីទ្ធិជាតិកម្ពុជា។ ហេតុនេះក្រោយពីប្អូនៗ លោកគ្រូអ្នកគ្រូបានបំពាក់កន្សែងចូលជា នវកាយរឹទ្ធិពេញសិទ្ធក្នុងថ្ងៃនេះហើយ គឺមានតួនាទីដើរល្បាតជាក្រុមជួយជនរងគ្រោះ ជួយការងារសង្គមជាទូទៅ នៅក្នុងមូលដ្ឋានគ្រប់បែបយ៉ាង ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់។
យោងតាមការបញ្ជាក់របស់នាយកសាលា វិទ្យាលយ័ព្រៃដើមថ្នឹង បានឲ្យដឹងថា ពិធីបំពាក់កន្សែង នវ កាយរឹទ្ធិក្នុងសាលានៅថ្ងៃនេះសរុបមានដែលមានយុវជនកាយរឹទ្ឋិថ្មី ចំនួន១៧៥នាក់គឺ កាយរឹទ្ធិប្អូន ជាសិស្សមានចំនួន១៧៥នាក់ និងកាយរីទ្ធិរៀមច្បង ជាលោកគ្រូនិងអ្នកគ្រូ ផងដែរ ធ្វើសកម្មភាពជួយការងារសង្គមទូទៅនៅក្នុងមូលដ្ឋាន។
លោកអភិបាលក៏បានសំណូមពរដល់លោគ្រូអ្នកគ្រូគ្រប់សាលាក្នុងខេត្ត ជួយជំរុញឲ្យសិស្សទាំងអស់ស្ម័គ្រចិត្តចូលជាកាយរឹទ្ធិឲ្យបានគ្រប់ៗ គ្នា ដើម្បីធ្វើអំពើល្អជួយសង្គមជាតិយើងទាំងអស់គ្នា ដើម្បីឲ្យមានការរីកចំរើនសំបូរសប្បាយរុងរឿងតទៅអនាគត៕